សមាគមអ្នកវិនិយោគអន្តរជាតិថ្មីមួយក្រុម​នៃក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម បានរៀបចំពិធីបើកសម្ពោធការចាប់ផ្ដើមការសាងសង់ ជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វដ៏ធំរបស់ខ្លួននៅក្នុងខេត្តសៀមរាប នៅឆ្នាំ ២០២១ ខាងមុខ។

គម្រោងក្រោមភាពជាដៃគូនេះមានបំណងវិនិយោគទឹកប្រាក់ ៧០ លានដុល្លារអាមេរិក ដែលចែកចេញជា ៣ ដំណាក់កាល   ដោយដំណាក់កាលទី១ ចាប់ផ្តើមពីខែឧសភា ឆ្នាំ ២០១៩ នឹងចំណាយទឹកប្រាក់ ១៨ លានដុល្លារសហរដ្ឋអាមេរិក។ ចំណែកដំណាក់កាលទី ២ បន្ថែមភាពទាក់ទាញ ដោយបង្កើតនូវ សួនរុក្ខសាស្រ្ត សាលតាំងពិព័រណ៍ ជម្រកល្មូន និង ចុងបញ្ចប់ គឺការអភិវឌ្ឍសណ្ឋាគារលំដាប់ពិភពលោក ហើយដំណាក់កាលទី III ក្នុងបំណងធ្វើឲ្យ ជលវប្បដ្ឋានក្រុងអង្គរ និងអាណាចក្រជម្រកសត្វ (Angkor Aquarium & Animal Kingdom) ក្លាយជាគោលដៅបង្កើននូវការស្នាក់នៅក្រុងសៀមរាបបានយូរថ្ងៃផងដែរ។ តាមការគ្រោងទុក គម្រោងនេះ នឹងបញ្ចប់នៅឆ្នាំ ២០២១។

នៅក្នុងកម្មវិធីសម្ពោធ ដែលរៀបចំកម្មវិធី នៅនិវាសនដ្ឋានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែមេសា លោក Roger R. Reynolds, ប្រធានក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម និងជាស្ថាបនិករបស់ ICM មានប្រសាសន៍ថា ត្រឹមតែដំណាក់កាលទីមួយប៉ុណ្ណោះ ការបង្កើតភាពទាក់ទាញថ្មី នឹងធ្វើឲ្យមានសក្ដានុពលជម្រុញឲ្យភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបបន្តការស្នាក់នៅជាមធ្យមពាក់កណ្ដាលថ្ងៃទៅហើយ។ លោកថ្លែងដូច្នេះថា ៖ «យោងតាមការពិភាក្សាដំបូងបំផុតរបស់ខ្ញុំជាមួយលោក ម៉េង ហៀង ពួកយើងទាំងពីរយល់ស្របគ្នាថា មានលទ្ធភាពអស្ចារ្យគួរជាទីរំភើបក្នុងការនាំមកនូវ មជ្ឈមណ្ឌល ជលវប្បដ្ឋាន ត្រីទឹកសាប ទឹកប្រៃ និងព្រមទាំងជម្រកអភិរក្សសត្វ ក្នុងការម្រើនូវសេចក្តីតម្រូវការ និងការសិក្សាអប់រំ ដល់ប្រជាជនក្នុងមូលដ្ឋាន និងភ្ញៀវទេសចរអន្តរជាតិដែលទស្សនាខេត្តសៀមរាប»។

សូមបញ្ជាក់ថា ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម ត្រូវបានបង្កើតឡើងក្នុងទម្រង់ជាដៃគូរវាងវិនិយោគិនកម្ពុជា និងវិនិយោគិនជប៉ុនក្រោមកិច្ចសហការជាមួយ ICM Inc. (International Concept Management Inc.) ពីសហរដ្ឋអាមេរិកដែលរៀបចំរចនាប្លង់ គ្រប់គ្រងគម្រោង និងប្រតិបត្តិជលវប្បដ្ឋាន និងឧទ្យានសមុទ្រនៅទូទាំងពិភពលោក។ ពីមុន ICM បានចាប់ដៃគូជាមួយនឹង​ Disney​(ឌីនី),  the San Francisco Academy of Sciences (បណ្ឌិត្យសភាវិទ្យាសាស្ត្រសាន់ហ្វ្រាន់ស៊ីស្កូ), the Baltimore Aquarium (ជលវប្បដ្ឋានបាលទីមល) , the Osaka Aquarium (ជលវប្បដ្ឋានអូសាកា), Xcaret Park (ជលវប្បដ្ឋានអិចស្ការេត) នៅម៉ិកស៊ីកូ និង Loro Park (ឧទ្យានឡូរូ) នៃកោះកាណារី Canary Islands ។ល។