លោក អេង ជាសាន ប្រតិភូរាជរដ្ឋកម្ពុជា ទទួលបន្ទុកប្រធាន រដ្ឋបាលជលផលបានអះអាងថា ត្រីបានត្រូវខ្លាំងក្នុងរយះពេល២-៣ថ្ងៃនេះ បើទោះបី អាកាសធាតុមិនអំណោយផល ភ្លៀងនិងព្យុះកើតឡើងនៅតំបន់បឹងទន្លេសាបក្តី។ យ៉ាងណា ប្រជានេសាទនៅតាមដងទន្លេសាប បានលើកឡើងថា នៅឆ្នាំនេះ ពួកគេនេសាទ មិនបានដូចឆ្នាំកន្លងទៅឡើយ។ 

លោក អេង ជាសាន ប្រធានរដ្ឋបាលជលផលបាន អះអាងថា ត្រីឆ្នាំនេះមានលក្ខណៈសម្បូរជាងឆ្នាំមុន។ លោក ពន្យល់ថា ដោយសារទឹកឡើងធំតាំងពីដើមឆ្នាំ លិចបឹងបួរធ្វើអោយត្រីចរាចរណ៍ស្វែងរកចំណីបានយ៉ាងងាយស្រួល ការលែងត្រីមេពូជក្នុងដែនជំរកធម្មជាតិ និងការបង្រ្កាបបទល្មើសនេសាទដូចភ្លៀងរលឹម ទើបត្រីកើនឡើង។  បើតាមលោក ជាសាន នៅតាមគន្លងជួរនេសាទនីមួយៗក្នុងមួយម៉ោងឬកន្លះម៉ោងអាចលើកបានត្រីចន្លោះពី៥០០គីឡូក្រាម ទៅ១តោន ភាគច្រើនជាត្រីធ្វើប្រហុកផ្អក ។

លោក អេង ជាសាន

ក្នុងឱកាស ចុះត្រួតពិនិត្យស្ថានភាពប្រមូលផលត្រីទឹកសាបនៅគន្លងដៃនេសាទជួរលេខ១៣ ១៤ និងលេខ ១៥ ស្ថិតក្នុងឃុំកោះចិន និងពាមជីនិត ស្រុកពញាឮ ខេត្តកណ្តាល កាលពីពេលថ្មីៗនេះ លោក អេង ជាសាន បានលើកឡើងទៀតថា ត្រីសម្រាប់ធ្វើប្រហុកផ្អក តម្លៃសមរម្យចាប់ពីពី៨០០៛ទៅជាង១០០០៛ ទៅ២ពាន់រៀលក្នុងមួយគីឡូក្រាម ទៅតាមទំហំនិងប្រភេទត្រី។ 

យ៉ាងណា ប្រជានេសាទ នៅតាមដងទន្លេសាបនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានប្រាប់ខ្មែរណាស់ថា ការនេសាទរបស់ពួកគេឆ្នាំនេះ មិនសូមបានត្រីដូចឆ្នាំកន្លងទៅទេ។ ប្រជានេសាទ វ៉ាន់ ម៉ៅ លើកឡើងថា បើប្រៀបរដូវនេះ នៅក្នុងឆ្នាំនេះ ទៅនឹងឆ្នាំមុន គឺខុសគ្នា។ «ឆ្នាំមុន ខ្ញុំនេសាទបានច្រើនណាស់ តែឆ្នាំនេះ បានតិចមែនទែន។ ខ្ញុំគិតថា ត្រីដូចជាស្បោយជាងមុន»។ នេះជាការបន្ថែមរបស់ប្រជានេសាទខ្មៅស្រអែម វ៉ាន់ ម៉ៅ។ 



យោងលើសេចក្តីជូនដំណឹងស្តីពីរដូវធ្វើប្រហុក ផ្អក របស់រដ្ឋបាលជលផល កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨  ឆ្នាំនេះកំពស់ទឹកទន្លេសាបស្រកចុះលឿនជាងឆ្នាំកន្លងមក ជាហេតុធ្វើឲ្យដាយនៅតាមដងទន្លេសាបក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាលអាចនេសាទត្រីបានក្នុងខែមិគសិរចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ខែធ្នូ ។