កិច្ចព្រមព្រៀងឥណទានសម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩នេះ ត្រូវបានចុះហត្ថលេខាលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Yuichi Sugano ប្រធានស្តីទីនៃភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី១០វិច្ឆិកា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃម្សិលមិញ។

រដ្ឋាភិបាលជប៉ុនបញ្ជាក់ថា ការផ្តល់ឥណទាននេះ គឺសម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ដល់រដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ស្ថេរភាពសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផេ្សងៗរបស់រដ្ឋាភិបាលកម្ពុជា មានដូចជា ការពង្រឹងប្រព័ន្ធសុខាភិបាល កម្មវិធីជំនួយសង្គម បណ្តាញដឹកជញ្ជូនទំនិញ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩។



សេចក្ដីប្រកាសបានបញ្ជាក់ទៀតថា ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន កំពុងជួយគាំទ្រកែលម្អអាគារមន្ទីរពេទ្យ និងបំពាក់បរិក្ខារពេទ្យថ្មីនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ផ្តល់សម្ភារអនាម័យដល់មជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជានិងជប៉ុន បំពាក់មាស៊ីនទែម៉ូម៉្រែតវាស់កម្តៅ និងផ្តល់សម្ហារមួយចំនួនដល់រថយន្តក្រុងក្នុងរាជធានីភ្នំពេញដើម្បីបង្ការការឆ្លងជំងឺនេះ។

ទន្ទឹងនឹងនេះ ជប៉ុនក៏កំពុងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពមន្ត្រីដែលកំពុងបម្រើការក្នុងវិស័យសុខាភិបាលតាមរយៈការបញ្ចូនជំនាញមកប្រទេសកម្ពុជា និងរៀបចំបណ្តុះបណ្តាលដល់មន្ត្រី៕