រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៣៥៣,២៧៦ ដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍន៍លើវិស័យ សុខាភិបាល អប់រំ និង ហេដ្ឋារចនាសម្ព័ន្ធ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃនេះ។ 

នៅថ្ងៃទី២៩ ខែវិច្ឆិកា រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៣៥៣,២៧៦ ដុល្លារអាមេរិក ដល់កម្ពុជា។ ថវិកាទាំងអស់នេះ ផ្តល់ជូនដល់មន្ទីរនៅតាមខេត្តចំនួន៤ ក្រោមជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។ 

បើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតជប៉ុន ថវិកាចំនួន ៨៨,៩៩៥ ដុល្លារអាមេរិក ផ្តល់ជូនដល់មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ស្ពឺ ថវិកា ៨៧,៣០៤ ដុល្លារ ផ្តល់ដល់មន្ទីរសុខាភិបាលខេត្តតាកែវ និងផ្តល់ជូន ៨៩,១៦២ ដុល្លារអាមេរិកដល់មន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល ព្រមទាំងផ្តល់ជូន ៨៧,៨១០ ដុល្លារអាមេរិកដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ៕