ជន​បរ​ទេស​ដែល​បាន​ផ្តិត​ទឹក​មាត់​ដាក់​លើ​លុយ​ទុក​ចោល​លើ​ទូ​ATM នៅ​ម្តុំ​សាលា​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូន​ពេញ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​យប់​ថ្ងៃ​ទី​២៧​ខែ​មីនា​នេះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​។

នៅ​ក្នុង​វីដេអូ​មួយ ជន​បរ​ទេស​រូប​នេះ បាន​យក​ដៃ​ផ្តិត​ទឹក​មាត់​លើ​លុយ​ក្លែង​ក្លាយ​ដែល​ដក​ចេញ​ពី​ក្នុង​ហោ​ប៉ាវ រួច​ទុក​ចោល​លើ​ទូ​ATM ហើយ​បាន​ចាក​ចេញ​ទៅ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០​២០​។

រហូត​នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៧​ខែ​មីនា កម្លាំង​ផែន​សន្តិ​សុខ​និង​កម្លាំង​ខណ្ឌ​ប៉ុស្តិ៍​នៃ​អធិ​ការ​ខណ្ឌ​ដូន​ពេញ និង​អាជ្ញា​ធរ​សង្កាត់​ខណ្ឌ បាន​ធ្វើ​ការ​តាម​រក​ឃើញ​នៅ​ចំណុច​ផ្លូវ​៦៣​កែង​២០០ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌ​ដូន​ពេញ ហើយ​បាន​រាយ​ការណ៍​ជូន​ក្រសួង​សុខា​ភិ​បាល​ ចុះ​មក​អន្ត​រាគមន៍​យក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ចាក់​អង្រែ ដើម្បី​យក​សំណាក​ទៅ​ធ្វើ​ពិនិត្យ​និង​វិភាគ​រក​វីរុស​កូវីដ​១៩​៕