ភ្នំពេញ៖ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងវីរុសCOVID-19 ចំនួន២ករណីលើជនជាតិឥណ្ឌូណេស៊ី នៅថ្ងៃទី២៦ មីនានេះ។ មកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងវីរុសCOVID-19 ចំនួន៩៨ករណី។ នេះបើតាមក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ជនជាតិឥណ្ឌូណេស៊ីទាំងពីរនេះ មានផ្ទុកជំងឺCOVID-19 តាំងពីនៅប្រទេសថៃមកម្ល៉េះ ប៉ុន្តែដោយសារសាមីខ្លួនពុំមានថវិកាបង់ថ្លៃពេទ្យនៅទីនោះ ទើបពួកគេក៏ធ្វើដំណើរមកព្យាបាលនៅកម្ពុជា។ ក្រុមការងារជំនាញ ក៏បានយកសំណាកអ្នកទាំងពីរនោះ ទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រដោយរកឃើញថា ពួកគេពិតជាផ្ទុកវីរុសCOVID-19មែន ទើបក្រុមគ្រូពេទ្យយកពួកគេទាំងពីរ ដាក់ឱ្យនៅសម្រាកព្យាបាលក្នុងបន្ទប់ដោយឡែកនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបរួចហើយ។

ចំណែកអ្នកជំងឺCOVID-19 វ័យ៥៧ឆ្នាំ១នាក់ ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុងនោះ បានជាសះស្បើយហើយ ក្រោយធ្វើតេស្តចំនួន២លើក ទទួលបានលទ្ធផលវិជ្ជមាន។ សរុបមកដល់ពេលនេះ មានអ្នកជាសះស្បើយចំនួន១១នាក់ហើយ ក្នុងជនជាតិខ្មែរ៩នាក់ អង់គ្លេស១នាក់ និងចិន១នាក់។

គិតត្រឹមថ្ងៃទី២៦ មីនានេះ កម្ពុជា មានអ្នកឆ្លងវីរុសCOVID-19 ចំនួន៩៨ ករណីហើយ។ ក្នុងនោះជនជាតិខ្មែរ៣៨នាក់ (ស្ត្រី២នាក់ឆ្លងពីប្តី) ម៉ាឡេស៊ី១២នាក់ បារាំង៣៦នាក់(ទារក៤ខែនាក់) អង់គ្លេស៥នាក់(ស្រីវ័យ៦៥ឆ្នាំម្នាក់ ជាសះស្បើយ) អាមេរិក២នាក់ ឥណ្ឌូណេស៊ី២នាក់ កាណាដា១នាក់ បែលហ្ស៊ិក១នាក់ និងចិនម្នាក់ ដែលបានជាសះស្បើយ៕