រូបពីនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងCDC

ភ្នំពេញ៖ ជនជាតិឥណ្ឌូណេស៊ី២នាក់ មានផ្ទុកវីរុសCOVID-19ពីប្រទេសថៃ បានចូលមកកម្ពុជា ដើម្បីសុំការសម្រាកព្យាបាលជំងឺ ។ ដោយឡែកជនជាតិស៊ុយអ៊ែត១នាក់ មានផ្ទុកវីរុសCOVID-19នេះ ក៏បានចាកចេញពីកម្ពុជាទៅប្រទេសថៃវិញដែរ។ នេះបើតាមក្រសួងសុខាភិបាលចេញផ្សាយនៅយប់ថ្ងៃទី២៦ មីនា។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ជនជាតិឥណ្ឌូណេស៊ីទាំងពីរនេះ មានផ្ទុកជំងឺCOVID-19 តាំងពីនៅប្រទេសថៃមកម្ល៉េះ ប៉ុន្តែដោយសារសាមីខ្លួនពុំមានថវិកាបង់ថ្លៃពេទ្យនៅទីនោះ ទើបពួកគេក៏ធ្វើដំណើរមកព្យាបាលនៅកម្ពុជា។ ក្រុមការងារជំនាញ ក៏បានយកសំណាកអ្នកទាំងពីរនោះ ទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រដោយរកឃើញថា ពួកគេពិតជាផ្ទុកវីរុសCOVID-19មែន ទើបក្រុមគ្រូពេទ្យយកពួកគេទាំងពីរ ដាក់ឱ្យនៅសម្រាកព្យាបាលក្នុងបន្ទប់ដោយឡែកនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបរួចហើយ។

ដោយឡែកជនជាតិស៊ុយអ៊ែត វ័យ៣៤ឆ្នាំ ១នាក់ ដែលបានសុំវិញ្ញាបនបត្របញ្ជាក់សុខភាពសម្រាប់ការធ្វើដំណើរ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនោះ មានផ្ទុកវីរុសCOVID-19 ក្រោយធ្វើតេស្តរកឃើញវិជ្ជមាន។ បើតាមក្រសួងសុខាភិបាល បុរសស៊ុយអ៊ែតនេះ បានចាកចេញទៅប្រទេសថៃហើយ កាលពីយប់ថ្ងៃទី២៥ មីនា តាមជើងយន្ដហោះបាងកកអ៊ែរវ៊ែរ មុនពេលមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចេញលទ្ធផលធ្វើតេស្ត។ ចំពោះករណីបុរសនេះ ក្រសួងសុខាភិបាល មិនរាប់បញ្ចូលជាករណីថ្មីព្យាបាលនៅកម្ពុជាឡើយ។

គិតត្រឹមថ្ងៃទី២៦ មីនានេះ កម្ពុជា មានអ្នកឆ្លងវីរុសCOVID-19 ចំនួន៩៨ ករណីហើយ។ ក្នុងនោះជនជាតិខ្មែរ៣៨នាក់ (ស្ត្រី២នាក់ឆ្លងពីប្តី) ម៉ាឡេស៊ី១២នាក់ បារាំង៣៦នាក់(ទារក៤ខែនាក់) អង់គ្លេស៥នាក់(ស្រីវ័យ៦៥ឆ្នាំម្នាក់ ជាសះស្បើយ) អាមេរិក២នាក់ ឥណ្ឌូណេស៊ី២នាក់ កាណាដា១នាក់ បែលហ្ស៊ិក១នាក់ និងចិនម្នាក់ ដែលបានជាសះស្បើយ។ ក្នុងនោះមានអ្នកជាសះស្បើយចំនួន១១នាក់ហើយ រួមមានជនជាតិខ្មែរ៩នាក់ អង់គ្លេស១នាក់ និងចិន១នាក់៕