(ភ្នំពេញ)៖  រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បាន ឲ្យដឹងថា កម្ពុជាកំពុងរៀបចំការចរចាជាមួយភាគីចិន ដើម្បីឈានដល់ការសម្រេចបាន នូវការចុះហត្ថលេខារួមគ្នា ស្តីពីការនាំចេញផ្លែស្វាយ ដោយផ្ទាល់ពីកម្ពុជា ទៅទីផ្សារ ប្រទេសចិន។ លោកថ្លែងបែបនេះ ក្នុងពិធីសម្ពោធរោងចក្រកែច្នៃវេចខ្ចប់ និងការ នាំ ចេញចេកអំបូងលឿងដំបូងគេនៅកម្ពុជា ទៅទីផ្សារចិនដោយផ្ទាល់ នាពេលថ្មីៗនេះ។

បច្ចុប្បន្នផលិតផលកសិកម្មរបស់កម្ពុជាចំនួន៥មុខ ត្រូវបានភាគីចិនអនុញ្ញាតឲ្យនាំចេញ ដោយផ្ទាល់ រួមមាន៖ អង្ករ ចំណិតដំឡូងមីក្រៀម ស្វាយចន្ទី ចុងអង្ករ និងចេក ដែល​​ទើបសម្រេចបានថ្មីៗនេះ។

ក្នុង១ឆ្នាំៗ កម្ពុជាប្រមូលបានទិន្នផលស្វាយប្រមាណជិត១លានតោន ខណៈកម្ពុជា​នាំចេញស្វាយទៅកាន់ប្រទេសជិតខាងរួមមាន វៀតណាម និងថៃជាដើម។

នៅឆ្នាំ២០១៨ កម្ពុជាបាននាំចេញផលិតផលកសិកម្មផ្លូវការសរុបជាង៤.៣លានតោន ហើយបើសិនគិតទាំងផលិតផលនាំចេញក្រៅផ្លូវការ គឺមិនតិចជាង៧លានតោនទេ៕

អត្ថបទ៖ ខ្មែរណាស់