ចំនួន​គ្រោះ​ថ្នាក់​ចរា​ចរណ៍ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង គិត​ត្រឹម​តែ​២​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​ច្បាប់​ស្តី​ពី​ការ​ហាម​ការ​បើក​បរ​ពេល​ស្រវឹង​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក ឡេ ស៊ុនឌុក អនុ​ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​ចរា​ចរណ៍​នៃ​ក្រសួង​សន្តិ​សុខ​សាធារណៈ​វៀត​ណាម​(MoPS)​។

ថ្លែង​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ ដែល​រៀប​ចំ​ឡើង​ដោយ​គណៈ​កម្មា​ធិ​ការ​ជាតិ​សុវត្ថិ​ភាព​ចរា​ចរណ៍ នៅ​ទី​ក្រុង​ហា​ណូយ​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​មករា លោក​បាន​បញ្ជាក់​ថា គ្រោះ​ថ្នាក់​ចរា​ចរណ៍​ចំនួន​៣២២​បាន​កើត​ឡើង​នៅ​ទូ​ទាំង​ប្រទេស ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥​ខែ​មករា ដោយ​បាន​សម្លាប់​មនុស្ស​ចំនួន​២៤៩​នាក់ និង​រង​របួស​ចំនួន​១៥៨​នាក់​។

លោក​បន្ត​ថា ចំនួន​គ្រោះ​ថ្នាក់​បាន​ធ្លាក់​ចុះ​៣១​លើក​ឬ​៩​ភាគ​រយ ខណៈ​ចំនួន​អ្នក​ស្លាប់​បាន​ថយ​ចុះ​ចំនួន​៣៨​នាក់​ឬ​១៣​ភាគ​រយ បើ​ប្រៀប​ធៀប​នឹង​២​សប្តាហ៍​មុន​។

ប៉ូលីស​ចរា​ចរណ៍​វៀត​ណាម បាន​ផាក​ពិន័យ​អ្នក​បើក​បរ​ចំនួន​៦.២៧៩​នាក់ ក្រោម​ឥទ្ធិ​ពល​នៃ​គ្រឿង​ស្រវឹង និង​ប្រមូល​ប្រាក់​បាន​ជាង​២១​ពាន់​លាន​ដុង​(​៩០៧.៧៥០​ដុល្លារ​) ក្នុង​រយៈ​ពេល​កន្លះ​ខែ​ដំបូង​នៃ​ខែ​មករា​។

ច្បាប់​នេះ​ត្រូវ​បាន​រឹត​បន្តឹង​ជា​ពិសេស​សម្រាប់​មន្ត្រី​រាជ​ការ​និង​កង​កម្លាំង​ប្រដាប់​អាវុធ ហើយ​ក្នុង​អំឡុង​ពេល​ពីរ​សប្តាហ៍​កន្លង​មក​នេះ មិន​មាន​គ្រោះ​ថ្នាក់​ទាក់​ទង​នឹង​គ្រឿង​ស្រវឹង​ធ្ងន់​ធ្ងរ​ទេ​។

លោក Nguyen Xuan Phuc នាយក​រដ្ឋ​មន្រ្តី​វៀត​ណាម​បាន​ចេញ​សេចក្តី​ណែ​នាំ​មួយ ស្តី​ពី​ការ​ពង្រឹង​ការ​អនុ​វត្ត​ច្បាប់ ស្តី​ពី​ការ​បង្ការ​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រឿង​ស្រវឹង និង​អនុ​ក្រឹត្យ​របស់​រដ្ឋា​ភិ​បាល​លេខ​១០០​/​២០១៩ ស្តី​ពី​ការ​ពិន័យ​រដ្ឋ​បាល ចំពោះ​ការ​រំលោភ​លើ​ផ្លូវ​ថ្នល់​និង​ផ្លូវ​ដែក ដែល​បាន​ចូល​ជា​ធរ​មាន​កាល​ពី​ថ្ងៃ​ទី​១​ខែ​មករា​។

យោង​តាម​បទ​ប្បញ្ញត្តិ​ថ្មី​របស់​ប្រទេស​វៀត​ណាម​នេះ អ្នក​បើក​បរ​រថ​យន្ត​នឹង​ត្រូវ​ពិន័យ​រហូត​ដល់​៣០​-​៤០ លាន​ដុង​ឬ​ស្មើរ​១.២៩៧ ទៅ​១.៧២៩​ដុល្លារ និង​ព្យួរ​ប័ណ្ណ​បើក​បរ​ក្នុង​រយៈ​ពេល​២២​ទៅ​២៤​ខែ ប្រសិន​បើ​ពួក​គេ​រក​ឃើញ​ថា បាន​បើក​បរ​ក្រោម​ឥទ្ធិ​ពល​នៃ​គ្រឿង​ស្រវឹង​។

ចំពោះ​អ្នក​បើក​បរ​ទោច​ក្រ​យាន​យន្ត អាច​ប្រឈម​នឹង​ការ​ផាក​ពិន័យ​រហូត​ដល់​៦-៨​លាន​ដុង​ឬ​ស្មើរ​នឹង​២៥៩​ទៅ​៣៤៦​ដុល្លារ ហើយ​ប័ណ្ណ​បើក​បរ​របស់​ពួក​គេ​ត្រូវ​បាន​ដក​ហូត​ក្នុង​រយៈ​ពេល​២២-២៤​ខែ​សម្រាប់​ការ​ប្រើ​គ្រឿង​ស្រវឹង​៕