នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ រដ្ឋា​ភិ​បាល​ចិន​បាន​និយាយ​ថា ដោយ​មើល​ឃើញ​ពី​ការ​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​នៃ​កូវីដ​១៩​(​Covid​-​19​) នៅ​ទូ​ទាំង​ពិភព​លោក ប្រទេស​ចិន​បាន​សម្រេច​ចិត្ត​ផ្អាក​ការ​ចូល​ប្រទេស​ចិន​ជា​បណ្តោះ​អាសន្ន ចំពោះ​ជន​ជាតិ​បរ​ទេស​ដែល​កាន់​ទិដ្ឋា​កា​ ឬ​លិខិត​អនុ​ញ្ញាត​ស្នាក់​នៅ គិត​ត្រឹម​ថ្ងៃ​ទី​២៨​ខែ​មីនា​។

អ្នក​ដែល​មាន​បំណង​ចូល​ក្នុង​ប្រទេស​ចិន ត្រូវ​ដាក់​ពាក្យ​សុំ​ទិដ្ឋា​ការ​ថ្មី​នៅ​ស្ថាន​ទូត​ឬ​ស្ថាន​កុង​ស៊ុល​ចិន​ប្រចាំ​នៅ​ក្នុង​ប្រទេស​អ្នក​ទាំង​នោះ​។ សេចក្តី​ប្រកាស​នេះ មិន​បាន​បញ្ជាក់​ថា រយៈ​ពេល​ផ្អាក​ចូល​ទឹក​ដី​ចិន​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​ដល់​ពេល​ណា​នៅ​ឡើយ​ទេ​។

ការ​សម្រេច​ចិត្ត​បិទ​ប្រទេស​របស់​រដ្ឋា​ភិ​បាល​ចិន​នេះ គឺ​ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ការ​ផ្ទុះ​ឡើង​ជា​លើក​ទី​២ នៃ​វីរុស​កូវីដ​១៩ បន្ទាប់​ពី​ប្រទេស​ចិន​បាន​រាយ​ការណ៍​ថា ករណី​នាំ​ចូល​អ្នក​ឆ្លង​វីរុស​នេះ​ពី​ក្រៅ​ប្រទេស​ចូល​មក​ក្នុង​ទឹក​ដី​ចិន មាន​ចំនួន​ជាង​៥០០​ករណី​។

ចំនួន​នៃ​ការ​ឆ្លង​ជំងឺ​ថ្មី​នៅ​ក្នុង​ប្រទេស​ចិន​ បាន​ថយ​ចុះ​ដល់​កម្រិត​មួយ​ក្នុង​រយៈ​ពេល​ប៉ុន្មា​នសប្តាហ៍​ថ្មី​ៗ​នេះ​។ ខណៈ​ទី​ក្រុង​វ៉ូហាន ដែល​ជា​ទី​ក្រុង​ចំណុច​កណ្តាល​នៃ​ការ​ផ្ទុះ​ជំងឺ​នេះ​ដំបូង​គេ នៅ​តែ​ស្ថិត​ក្នុង​ការ​បិទ​ចរា​ចរណ៍​ចេញ​ចូល​នៅ​ឡើយ ប៉ុន្តែ​ភាគ​ច្រើ​ននៃ​ប្រទេ​សនេះ​ កំពុង​វិល​មក​រក​ភាព​ធម្ម​តា​វិញ​៕

ប្រភព៖ CNN