នៅថ្ងៃសុក្រនេះ ក្រសួងការពារជាតិប្រទេសចិនបានប្រកាសជាលើកដំបូងថា កាលពីប៉ះទង្គិចគ្នាមួយនៅព្រំដែនជាមួយកងទ័ពឥណ្ឌាកាលពីឆ្នាំមុន គឺមានទាហានរបស់ខ្លួន​៤​នាក់បានស្លាប់ ខណៈទាហានឥណ្ឌាស្លាប់យ៉ាងតិចចំនួន២០នាក់។

មហាអំណាចឥណ្ឌានិងចិនបានផ្ទុះសង្គ្រាមជាមួយគ្នានៅតាមព្រំដែនក្នុងឆ្នាំ១៩៦២ ហើយក្រោយៗមក យោធាប្រទេសទាំងពីរបានចោទប្រកាន់គ្នាទៅវិញ ថាបានព្យាយាមឆ្លងកាត់​ព្រំដែនដែលមិនដែលមានការឯកភាពគ្នា។



នៅពាក់កណ្តាលខែមិថុនាឆ្នាំ២០២០ ទាហានឥណ្ឌាយ៉ាងតិច២០នាក់បានស្លាប់នៅក្នុង​សមរភូមិប្រយុទ្ធគ្នាតាមរយៈការប្រតាបប្រតប់គ្នាដោយប្រើដំបងឬបំពង់ដែកនៅព្រំដែន និងជាការប៉ះទង្គិចគ្នាដ៏សាហាវបំផុតមួយរវាងកងទ័ពប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មាន​ទសវត្សចុងក្រោយនេះ។

ក្រោយមានការប្រយុទ្ធគ្នានេះ ទីក្រុងប៉េកាំងនិងញូវដេលី បានបញ្ជូនកងទ័ពបន្ថែមរាប់ម៉ឺននាក់ទៅតំបន់ព្រំដែនដែលកំពុងប្រឈមមុខដាក់គ្នានេះ។ ប៉ុន្តែកាលពីសប្ដាហ៍មុន ភាគីទាំងពីរបាននិយាយថា ពួកគេបានព្រមព្រៀង ដើម្បីដកទ័ពចេញពីតំបន់ព្រំដែនវិញ ដែលរដ្ឋមន្រ្តីការពារជាតិឥណ្ឌាយល់ថា ជាកិច្ចព្រមព្រៀងមួយ ដើម្បីធ្វើឱ្យស្ថានការណ៍​វិលទៅរកសភាពល្អប្រសើរឡើងវិញ៕