ភាគីចិនបានសន្យាបន្តសាងសង់កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៩៦ គីឡូម៉ែត្រ​បន្ថែម​ទៀត​ ភ្ជាប់ពីចំណុចរមៀត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដល់ព្រំដែន​ប្រទេសឡាវ តាមរយៈឥណទានជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ នេះបើតាមការលើកឡើង​​របស់លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការនៃ​ក្រសួងសាធារណការ​​និងដឹកជញ្ជូននា​ពេលថ្មីៗនេះ។

ក្នុងដំណើរការចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៧ ប្រវែងជាង ៩៣ គីឡូម៉ែត្រនៅខេត្ត ក្រចេះ​លោក ស៊ីដេនីន លើកឡើងថា កំណាត់ផ្លូវជាតិលេខ៧ ពីចំណុចគីឡូម៉ែត្រ​​លេខ​៣៣១ (រង្វង់មូលខ្លាស្ទុះ) ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ រហូតដល់ចំណុ ចគីឡូម៉ែត្រ​លេខ ៤២៤ ចំណុចឃុំអូរគ្រៀង ស្រុកសំបូរ ប្រវែង ៩៣,៥៦៥គម ត្រូវបានស្ដារឡើងវិញ​ចាប់តាំង ពីខែមេសា ឆ្នាំ២០១៦ និងស្ថាបនាជួសជុល​រួចរាល់ជាស្ថាពរ នៅក្នុងខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ ដោយក្រុមហ៊ុនចិនសៀងហៃ (SCG)។   

លោករដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអំពាវនាវ ដល់ម្ចាស់អាជីវកម្ម ម្ចាស់យានយន្ត ធុនធំគ្រប់ប្រភេទ ដែលកំពុងចរាចរ ប្រើប្រាស់​លើដងផ្លូវជាតិទាំងអស់ សូមកុំឱ្យដឹកជញ្ជូនផ្ទុកលើសទម្ងន់ពីច្បាប់កំណត់ និងចូលរួមថែរក្សា ការពារនូវសមិទ្ធផលនានា ជាពិសេសសមិទ្ធផលផ្លូវជាតិលេខ ៧នេះតែម្ដង ដែលជាជំនួយ ឥតសំណងលើកទីមួយរបស់ចិនមកកម្ពុជា និងជាប្រយោជន៍ សាធារណៈ​សម្រាប់បងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់ នៅគង់វង្សបានយូរអង្វែង និងបញ្ចៀសនូវគ្រោះថ្នាក់ចរាចរតាមដងផ្លូវជាតិ ដែលកើតឡើងជាយថាហេតុ៕AKP

ប្រែសម្រួល៖ ខ្មែរណាស់