ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចផ្តល់​សិទ្ធិឱ្យក្រុមហ៊ុនចិនចំនួនពីរគឺ​ក្រុមហ៊ុន​UNION DEVELOPMENT​ GROUP CO.,LTD និងក្រុមហ៊ុន NANJING DADI CONSTRUCTION (CAMBODIA) DEVELOPMENT GROUP CO.,LTD ធ្វើការ​វិនិយោគលើវិស័យសណ្ឋាគារ ថ្នាក់ផ្កាយ៥ នៅខេត្តកោះកុង និងខេត្ដព្រះ​សីហនុ​ដោយទំហំទុនជិត​៦០០លានដុល្លារ​អាម៉េរិក។ នេះបើយោងតាមការ​ផ្សាយ​តាមហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជាកាលពី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។

រូបតំណាង

បើតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ឡៅ ទិព្វសីហា បានឱ្យដឹងថា ការវិនិយោគលើវិស័យសំណង់ក្នុងឆ្នាំ ២០១៩​នេះ នៅតែបង្ហាញសញ្ញាវិជ្ជមាន ​​ខណៈគម្រោងធំៗក្នុងមួយចំនួន បាននឹងកំពុងមាន​វត្តមាន​ជាបន្ត បន្ទាប់ ហើយគម្រោងធំៗមួយចំនួនផ្សេងទៀត ក៏កំពុងស្ថិតក្នុងការត្រួតពិនិត្យ និងស្នើសុំអាជ្ញា ប័ណ្ណសាងសង់ផងដែរ។

កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក៏បាន​និងកំពុង​រៀបចំ​សេចក្តីព្រាង​ច្បាប់ថ្មីស្ដីពីការវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាព ទាក់ទាញ និងប្រកួតប្រជែងខ្ពស់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា ក្នុងន័យ​ទាក់ទាញការវិនិយោគពីក្រៅប្រទេសឱ្យបានច្រើន៕ AKP

ប្រែសម្រួល៖ ពង្ស សាវតា