កាលពីថ្ងៃអង្គារ មន្រ្តីចិនបានរាយការណ៍ថា អាជ្ញាធរបានរកឃើញវីរុសកូរ៉ូណាថ្មីនៅលើកញ្ចប់អាហារសមុទ្រក្លាសេ ដែលគេបាននាំចូលពីទីក្រុងកំពង់ផែDalian ខេត្តLiaoning ស្ថិតនៅភាគខាងជើងឆៀងខាងកើតប្រទេសចិន និងជាតំបន់មួយដែលកំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងករណីឆ្លងឡើងវិញកាលពីពេលថ្មីៗនេះ។

វីរុសនេះត្រូវបានគេរកឃើញនៅលើកញ្ចប់ខាងក្រៅនៃអាហារសមុទ្រ ដែលបានទិញដោយក្រុមហ៊ុនចំនួន៣នៅទីក្រុង Yantai ដែលជាទីក្រុងកំពង់ផែមួយនៅខេត្តសានទុងភាគខាងកើត។

រដ្ឋាភិបាលទីក្រុង Yantai បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាហារសមុទ្រទាំងនេះ ត្រូវបានគេនាំចូលតាមកប៉ាល់ដែលចតនៅកំពង់ផែDalian ប៉ុន្តែមិនបាននិយាយថាវាមានប្រភពដើមមកពីណាទេឡើយ។

កាលពីខែកក្កដា មន្រ្តីគយនៅក្រុងDalian ជាកំពង់ផែដ៏សំខាន់មួយនៅខេត្ត Liaoning បានរកឃើញវីរុសកូវីដ១៩ក្នុងកញ្ចប់ដែលគេខ្ចប់បង្គាក្លាសេ នាំចូលពីប្រទេសអេក្វាឌ័រ ហើយបន្ទាប់មក ប្រទេសចិនបានផ្អាកការនាំចូលបង្គាពីប្រទេសអេក្វាទ័រ។



វីរុសនេះ ត្រូវបានគេជឿថា បានលេចមុខនៅក្នុងទីផ្សារមួយដែលលក់គ្រឿងសមុទ្រនិងសត្វព្រៃនៅកណ្តាលទីក្រុង Wuhan ប្រទេសចិនកាលពីចុងឆ្នាំមុន។

ចាប់តាំងពីពេលនោះមក វាបានរីករាលដាលពាសពេញពិភពលោក ហើយមានករណីថ្មីមួយចំនួនបាននាំត្រឡប់ចូលប្រទេសចិនវិញ តាមរយៈអ្នកធ្វើដំណើរ។

រដ្ឋាភិបាលក្រុង Yantai បាននិយាយថាអាហារសមុទ្រមួយចំនួនដែលក្រុមហ៊ុន Yantai ទាំង ៣ បានទិញត្រូវបានគេយកទៅកែច្នៃសម្រាប់នាំចេញ ខណៈដែលនៅសល់ត្រូវបានរក្សាទុកក្នុងកន្លែងត្រជាក់ ប៉ុន្តែមិនទាន់បានដាក់ចូលទីផ្សារលក់នៅឡើយទេ។

មន្រ្តីចិនបានបដិសេធមិនឆ្លើយតប នៅពេលត្រូវបានគេសួរថាតើអាហារសមុទ្រកែច្នៃណាមួយត្រូវបាននាំចេញ៕