អាជ្ញាធរប្រទេសចិនបានប្រកាសអំពីវិធានការថ្មីដ៏តឹងរឹង ក្នុងការព្យាយាមដើម្បីបញ្ឈប់វិបត្តិនៃជំងឺផ្ដាសាយជ្រូកដែលជាជំងឺមកពីតំបន់អាហ្វ្រិក ស្របពេលជំងឺនេះ បានរាលដាលឡើងដល់ខេត្តចំនួន១៨របស់ប្រទេសចិន ហើយបានឈានដល់ការសម្លាប់ចោលជ្រូកជាង២សែនក្បាលដើម្បីជាបង្ការ។

អស់រយៈពេលជាច្រើនថ្ងៃដែលសង្កេតឃើញអំពីស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងជាលំដាប់ ក្រសួងកសិកម្មចិននៅថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានរាយការណ៍អំពីការផ្ទុះឡើងជំងឺផ្ដាសាយជ្រូកលើកដំបូងក្នុងកសិដ្ឋានចិញ្ចឹមជ្រូកចំនួន៤០ក្បាលមួយកន្លែង ដែលស្ថិតនៅភាគខាងត្បួងនៃខេត្តស៊ីឆ័ន ហើយដែលបញ្ហានេះកំពុងធ្វើឱ្យអាជ្ញាធរព្រួយបារម្ភជាខ្លាំង ព្រោះស៊ីឆ័នជាខេត្តមានការចិញ្ចឹមសត្វជ្រូកច្រើនបំផុតនៅក្នុងប្រទេសចិន ដែលមានរហូតប្រហែល៥០០លានក្បាល។

ថ្វីត្បិតជំងឺផ្ដាសាយជ្រូកមិនបង្កគ្រោះថ្នាក់ដោយផ្ទាល់ទៅសុខភាពមនុស្ស ប៉ុន្តែការមកដល់របស់វានិងកំពុងរីករាលដាលក្នុងប្រទេសចិននេះ គឺកំពុងគំរាមគំហែងកាន់តែខ្លាំងទៅដល់ឧស្សាហកម្មជ្រូក ជាមួយផលប៉ះពាល់ធ្ងន់ធ្ងរបំផុតទៅលើការផ្គត់ផ្គង់និងតម្លៃក្នុងរយៈពេលប៉ុន្មានខែទៀតខាងមុខនេះ។

អង្គការសុខភាពពិភពលោកនិងអ្នកជំនាញខ្លះទៀតអះអាងថា សត្វជ្រូកដែលឆ្លងជំងឺផ្ដាសាយនេះ គឺកើតមានដំបៅលើស្បែកនិងសរីរាង្គខាងក្នុង ហើយវាពុំសូវមានកម្លាំង ដកដង្ហើមបានខ្លីៗ រាកមកជាមួយឈាម ក្អួត និងស្រេកទឹក ហើយជ្រូកទាំងនោះនឹងងាប់ក្នុងរយៈ១០ថ្ងៃបន្ទាប់ពីឆ្លង។ ជំងឺផ្ដាសាយជ្រូកឆ្លងមកពីតំបន់អាហ្វ្រិកនេះ គឺមិនទាន់មានវ៉ាក់សាំងបង្ការនិងព្យាបាលជាឡើយ ហើយវាបានផ្ទុះឡើងដំបូងក្នុងតំបន់អាស៊ីកាលពីឆ្នាំមុននេះ។

ថ្វីមិនមានធាតុបង្កជំងឺធ្វើឱ្យគ្រោះថ្នាក់ដល់សុខភាពមនុស្ស ប៉ុន្តែគេកំពុងព្រួយបារម្ភថា វីរុសនៃជំងឺផ្ដាសាយប្រភេទនេះ នឹងអាចមានសមត្ថភាពផ្លាស់ប្ដូរដោយអាចឆ្លងទៅដល់មនុស្សក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕

ប្រភព៖ CNN