ប្រទេសចិនបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ មានអ្នកស្លាប់ថ្មីម្នាក់ដោយសារជំងឺឆ្លង​កូវីដ១៩ និងជាករណីស្លាប់លើកដំបូងនៅចិនក្នុងរយៈពេល៨ខែនេះ។ ប្រទេសចិនកំពុងប្រឈមការឆ្លងរាលដាលងើបឡើងវិញជាថ្មី និងស្របពេលកំពុងរៀបចំសម្រាប់ការមក​ដល់​នៃក្រុមអ្នកជំនាញមកពីអង្គការសុខភាពពិភពលោក។

ប្រទេសចិនធ្លាប់ទទួលបានជោគជ័យលើការគ្រប់គ្រង់ជំងឺឆ្លងនេះ តាមរយៈបិទផ្នែកខ្លះនៃប្រទេសយ៉ាងតឹងរឹង ការធ្វើតេស្ដទ្រង់ទ្រាយធំ និងការរឹតត្បិតការធ្វើដំណើរ ប៉ុន្តែក្នុង​រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ចិនបានប្រឈមការឆ្លងកើនឡើងវិញ ជាពិសេសនៅភាគខាងជើងនៃប្រទេស។

នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសចិនបានរាយការណ៍មានករណីឆ្លងថ្មី១៣៨នាក់ ដែលជាចំនួនឆ្លងប្រចាំថ្ងៃកើនឡើងខ្ពស់បំផុតគិតចាប់តាំងពីខែមីនាឆ្នាំឆ្នាំ២០២០ ក្នុងនោះមាន១២៤នាក់គឺករណីថ្មីនៅក្នុងប្រទេស ហើយ៨១ករណីត្រូវបានរាយការណ៍នៅក្នុងខេត្ត Hebei ដែលជាខេត្តមួយជុំវិញទីក្រុងប៉េកាំង ហើយមិនបានបញ្ជាក់លម្អិតព័ត៌មានរបស់អ្នកស្លាប់ថ្មីនោះទេ។

កាលពីសប្តាហ៍មុន អាជ្ញាធរចិន បានធ្វើតេស្ដលើពលរដ្ឋទ្រុងទ្រាយធំមួយ ហើយបានបិទបណ្តាញដឹកជញ្ជូន បិទសាលារៀន និងហាងនានានៅក្នុងទីក្រុង Shijiazhuang នៃខេត្ត Hebei ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៅពេលនេះ។ បន្ទាប់មកទីក្រុង Xingtai ដែលស្ថិតនៅជិតទីក្រុង Shijiazhuang និងមានប្រជាជន៧លាននាក់ និងទីក្រុង Langfang មានប្រជាជន៥លាននាក់ ក៏ត្រូវបានបិទចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន។



ខេត្តមួយទៀតនៅភាគខាងជើងចិន គឺខេត្ត Heilongjiang ក៏បានប្រកាសអាសន្ននៅថ្ងៃពុធម្សិលមិញ ដើម្បីហាមឃាត់ពលរដ្ឋមានចំនួន៣៧លាននាក់ កុំឱ្យចាកចេញពីខេត្ត ដរាបណាគ្មានករណីចាំបាច់។

រលកនៃការឆ្លងថ្មីនេះកើតឡើង ស្របពេលថ្ងៃឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំចិន នឹងចូលមកដល់នៅខែក្រោយនេះ និងជាពេលដែលមនុស្សរាប់រយលាននាក់ធ្វើដំណើរទៅទីកំណើតរបស់ពួកគេ។

 ប្រទេសចិនដីគោកដែលជាប្រភពដើមនៃជំងឺកូវីដ មានករណីឆ្លងសរុប ៨៧ ៨៤៤ ក្នុងនោះមានអ្នកស្លាប់ផ្លូវការចំនួន ៤ ៦៣៥ នាក់៕