ភ្នំពេញ៖ លោក  លី ហុងចុង (Li Hongzhong) សមាជិកការិយាល័យ នយោបាយ​មជ្ឈិមបក្ស និងជាលេខាបក្សកុម្មុយនីស្ត ចិន ក្រុងធានជីន (Tianjin) លើកឡើងថា ចិនមានគោលបំណងចង់ជួយ​ឱ្យប្រទេសកម្ពុជាក្លាយជាប្រទេស ដែលមាន​ប្រាក់​ចំណូលមធ្យមកម្រិតខ្ពស់​នៅឆ្នាំ២០៣០។ លោកលើកឡើងបែបនេះ នៅក្នុង​ជំនួបសវនាការ និងសម្តែងការគួរសម ជាមយយសម្តេច​ សាយ ឈុំ ប្រធានព្រឹទ្ធ​សភាកម្ពុជា កាលពីរ​សៀល​ថ្ងៃទី២៩ ខែតុលា។

លោក លី ហុងចុង បានបញ្ជាក់ថា ប្រទេសចិនបានចាត់ទុកប្រទេស​កម្ពុជា ជាអ្នកជិត​ខាងល្អមិត្តពិតប្រាកដ និងជាដៃគូដែលអាចទុកចិត្តបាន។ លោកបានវាយ​តម្លៃខ្ពស់​ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស​របស់កម្ពុជា ដែលជីវភាពរបស់​ប្រជាពលរដ្ឋកាន់​តែល្អប្រសើរ​ឡើងពីមួយ​ថ្ងៃទៅ​មួយថ្ងៃ ។

សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងអំណរគុណចំពោះ​សាធារ​ណរដ្ឋប្រ​ជាមានិតចិន ដែលបានរួមវិភាគទានយ៉ាងធំធេងដល់ការកសាង និងអភិវឌ្ឍន៍​ប្រទេសកម្ពុជា ឱ្យមាន ការរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។ ដោយសម្តេច លើក​ឡើងថា ការរីកចម្រើនរបស់ប្រទេសកម្ពុជា នាពេល​បច្ចុប្បន្ន ក៏ដូចជាទៅអនាគត មិនអាច​កាត់ផ្តាច់បានពីការជួយ​ឧបត្ថម្ភគាំទ្រយ៉ាង​ទាន់ពេលវេលា និងមានប្រសិទ្ធភាព​ពីសាធារណរដ្ឋប្រជាមានិតចិនបានឡើយ៕

អត្ថបទ៖ សាវតា