ចាប់ពីឆ្នាំ២០១៩ ក្រសួងអប់រំ យុវជន និងកីឡា នឹងដាក់ឱ្យកុមារពិការអាចចូលរៀន ក្នុងថ្នាក់តែមួយជាមួយកុមារធម្មតា។ មន្រ្តីក្រសួងអប់រំបញ្ជាក់ថា នេះគឺជាការធ្វើកំណែ ទម្រង់ថ្មីរបស់ក្រសួង ដើម្បីផ្ដល់ឱ្យកុមារទាំងអស់មានឱកាសបានរៀនសូត្រគ្រប់ៗគ្នា។

លោក ហ៊ឹម សារិន អនុប្រធានការិយាល័យអប់រំពិសេសនៃក្រសួងអប់រំបានបញ្ជាក់ថា ការអប់រំតាមបែបបរិយាប័ន្ន គឺជាការអប់រំថ្មីមួយ ដែលអនុញ្ញាតឱ្យកុមារពិការអាចចូល រៀនក្នុងថ្នាក់តែមួយជាមួយកុមារដែលមិនពិការ។

លោក ហ៊ឹម សារិន អង្គុយនៅខាងស្ដាំ

លោកបញ្ជាក់ថា«យើងមានកំណែទម្រង់ថ្មីដោយសារក្នុងឆ្នាំ២០១៨នេះ ក្រសួងអប់រំបានកសាងគោលនយោបាយថ្មីមួយដើម្បីអប់រំតាមបរិញ្ញាបណ្ណសម្រាប់កុមារពិការគ្រប់កំរិតនៅតាមសាលា ហើយចាប់ពីខែ២ឬខែ៣ឆ្នាំ២០១៩ខាងមុនេះ យើងនឹងមានផែនការសកម្មភាពសម្រាប់ជួយអភិវឌ្ឍសាលាបន្ថែមជួយដល់កុមារពិការ និងបណ្ដុះបណ្ដាលគ្រូដើម្បីបង្រៀនកុមារពិការគ្រប់ប្រភេទ​ រួមទាំងក្មេងៗពិការសតិបញ្ញាដែរ។ អ៊ីចឹង! គ្រប់សាលាទាំងអស់ ត្រូវជម្រាលសម្រាប់កុមារពិការ ហើយឥឡូវការអប់រំពិសេសទាំង៥របស់ខាងអង្គការ ក៏ត្រូវដាក់បញ្ចូលឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងដែរ»

លោកបន្តថា បច្ចុប្បន្ននេះ កុមារពិការ គឺត្រូវបានដាក់បង្រៀននៅថ្នាក់ដាច់ដោយ ឡែកពីកុមារមិនពិការ ដែលកម្មវិធីអប់រំនេះ​គឺជាការអប់រំតាមបែបសមារណកម្ម៕