គ្លីនិក លី ស្រីវីណា បានប្រកាសតាមហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៩វិច្ឆិកានេះថា ខ្លួននឹងបើកដំណើរការដើម្បីទទួលព្យាបាលអ្នកជំងឺដូចធម្មតាវិញចាប់ពីថ្ងៃទី២០វិច្ឆិកានេះទៅ។ ការប្រកាសបើកដំណើរឡើងវីញនេះ គឺក្រោយពីក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី១៦វិច្ឆិកា ដើម្បីបិទគ្លីនិកនេះដោយមូលហេតុថាពុំ​មានលក្ខណៈសម្បិត្តគ្រប់គ្រាន់​ក្នុងការផ្តល់​សេវាសង្គ្រោះ​អ្នកជំងឺ បន្ទាប់ពីបានព្យាបាលធ្វើអ្នកជំងឺម្នាក់ស្លាប់បាត់បង់ជីវីត។

ការប្រកាសបើកដំណើរការគ្លីនិកវិញនេះ គឺក្រោយពីលោកស្រី លី ស្រីវីណា ដែលជាម្ចាស់របស់គ្លីនិក និងជាអតីតតំណាងរាស្រ្ដរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានអនុញ្ញាតឱ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ ការចូលរួមជីវភាពជាមួយគណបក្សកាន់អំណាចនេះ គឺបន្ទាប់ពីលោកស្រី លី ស្រីវីណា បានសរសេរលិខិតផ្ទាល់ដៃមួយនៅថ្ងៃទី៩វិច្ឆិកា ផ្ញើទៅកាន់សម្ដេច ហ៊ុន សែន ដើម្បីសុំក្ដីអនុគ្រោះ។

កាលពីថ្ងៃទី២៩តុលា មានអ្នកជំងឺដែលជាមេធាវីម្នាក់ បានទៅពិនិត្យនិងព្យាបាលនៅគ្លីនិក លី ស្រីវីណា ដែលស្ថិតនៅសង្កាត់ទួលទំពួងទី២ខណ្ឌចំការមន ក្រោយពីមានការអាការចុកពោះ ប៉ុន្តែក្រោយមក អ្នកជំងឺនេះ ត្រូវបានគេរាយការណ៍ថាបានស្លាប់ដោយសារគាំងបេះដូង។



ទោះជា​យ៉ាង​ណា​ ម្ចាស់​គ្លីនិក​ លី ស្រីវីណា​ គឺ​អ្នកស្រី ​លី ​ស្រីវីណា បានប្រាប់សារព័ត៌មានអាស៊ីសេរី​ថា​ ការ​ស្លាប់​របស់​អ្នក​ជំងឺ​រូប​នោះ គឺ​ដោយសារ​ការ​​គាំង​បេះដូង​ និងមិន​ពាក់ព័ន្ធ​នឹង​ការ​ព្យួរ​សេរ៉ូម​ឬ​ថ្នាំ​ពេទ្យ​របស់​គ្លីនិក​ឡើយ។

លោកស្រី ឱ វណ្ណឌីន មន្រ្តីនាំពាក្យក្រសួងសុខាភិបាលតាមរយៈពេលប្រព័ន្ធតេលេក្រាមថា ការអនុញ្ញាតឱ្យគ្លីនិកនេះបើកដំណើរការឡើងវិញ ដោយសារគ្លីនិកបានគោរពតាមការកំណត់បម្រេីតែសេវាបឋម  និងមានកិច្ចសន្យាត្រឹមត្រូវ គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល  ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដែលមានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏បានត្រួតពិនិត្យនិងឯកភាពដែរ៕