(ភ្នំពេញ) លោក ហ៊ុន ចាន់រាជ ប្រធានក្លឹប Cambodian Top Team មានគំនិតសុទិដ្ឋិ និយម ថា សិស្សគុនរបស់ខ្លួន សុខ ធី ហៅ កាកា អាចនឹងទទួលបានលទ្ធផលល្អ សម្រាប់ការប្រកួតនៅក្នុងកម្មវិធីសង្វៀន ONE FCនាថ្ងៃសុក្រ ទី២៨ ឆ្នាំ២០២០ នាប្រទេសថៃខាងមុខនេះ។

លោក ហ៊ុន ចាន់រាជ បានប្រាប់អ្នកសារព័ត៌មានខ្មែរណាស់ឱ្យដឹងថា ការប្រកួតរបស់កីឡាករ សុខ ធី លើកនេះ លោករំពឹងនឹងទទួលបានជ័យជំនះ ត្បិតគ្រូបង្វឹករូបនេះ សង្កេតឃើញថា ការហ្វឹកហាត់របស់សុខ ធី មួយរយៈនេះហាត់បានដិតដល់ល្អ មានទាំងស្នៀតប្រយុទ្ធមុតស្រួច ជាពិសេសការប៉ះដៃគូចិនសប្ដាហ៍នេះ គឺសមត្ថភាពប្រហាក់ប្រហែលគ្នា។

គ្រូបង្វឹកកូនកាត់អាមេរិក-កម្ពុជារូបនេះ បន្តលើកឡើងថា ចំណុចលេចធ្លោរបស់ កាកា ក្នុងការផ្ដួលគូប្រកួតលើកនេះ គឺកណ្ដាប់ដៃ និងការទាត់ជន្ទល់ក្រោម ព្រោះដៃគូប្រកួត ចិន Huang Ding អាចនឹងទន់ជើងក្រោម។



លោកគ្រូ ហ៊ុន ចាន់រាជ លើកឡើងយ៉ាងដូច្នេះ៖”សម្រាប់ការប្រកួតនេះខ្ញុំសង្ឃឹមច្រើន ព្រោះសុខធី បានហាត់នៅថៃដិតដល់ ហើយកីឡាករសុខ ធី មានផ្លែប្រយុទ្ធមុតស្រួចជាងដៃគូចិន អ្វីដែលសំខាន់ ការប៉ះគ្នាជាមួយកីឡាករចិន សមត្ថភាពប្រកួត ប្រហាក់ប្រហែលគ្នា មិនដូចការប្រកួតរាល់ដង សុខ ធី ជួបសុទ្ធតែដៃគូលំដាប់ប្រទេស”។

គួរបញ្ជាក់ថា នេះគឺជាការបើកទំព័រថ្មី ក្នុងការបង្ហាញខ្លួនក្នុងជំនួបជាមួយកីឡាករបរទេសដែលមិនមែនជាដៃគូថៃ លើកដំបូង លើសង្វៀនលំដាប់អាស៊ី One Cham- pionship គូប្រជែងកណ្ដាប់ដៃ ដែល សុខ ធី ប្រឈមមុខលើកនេះ គឺកីឡាករចិន Huang Ding ។

រីឯការប្រកួតសប្ដាហ៍ថ្ងៃសុក្រនេះ គឺជាការប្រកួតលើកទី៥ហើយរបស់ សុខ ធី លើសង្វៀនអន្តរជាតិមួយនេះ ខណៈការតាមប្រមាញ់ជោគជ័យតទល់កីឡាករថៃ ៤លើកកន្លងមក អ្នកប្រយុទ្ធលំដាប់ជួរមុខ មានប្រភពពី ខេត្តបន្ទាយមានជ័យ មិនទាន់ស្គាល់ ពាក្យថា ”ឈ្នះ” នៅឡើយទេ៕