យ៉ាង​ហោច​ណាស់​មាន​គ្រូ​ពេទ្យ​ចំនួន​៥០០​នាក់​នៅ​ទី​ក្រុង​វ៉ូហាន បាន​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​គិត​ត្រឹម​ពាក់​កណ្តាល​ខែ​មករា​នេះ​។ ប្រភព​ពេទ្យ​ជា​ច្រើន​បាន​បញ្ជាក់​ថា កត្តា​នេះ​បាន​ធ្វើ​ឱ្យ​មន្ទីរ​ពេទ្យ ខ្វះ​បុគ្គ​លិក​ហើយ​បង្ក​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​គ្រូ​ពេទ្យ​ផ្សេង​ទៀត​។

រដ្ឋា​ភិ​បាល​ចិន​ក៏​បាន​រាយ​ការណ៍ ពី​ករណី​គ្រូ​ពេទ្យ​បាន​ឆ្លង​វីរុស​នេះ​ដែរ តែ​មិន​បាន​ផ្ដល់​ព័ត៌​មាន​ពិស្ដារ​អំពី​ចំនួន​ឡើយ ហើយ​ប្រភព​បាន​និយាយ​ថា គ្រូ​ពេទ្យ​និង​គិលា​នុ​បដ្ឋា​យិកា ត្រូវ​បាន​គេ​ប្រាប់​មិន​ឱ្យ​ផ្សព្វ​ផ្សាយ​ជា​សាធា​រណៈ​នោះ​ទេ​។

ហេតុ​ផល​សម្រាប់​បទ​បញ្ជា​នេះ​មិន​ត្រូវ​បាន​ពន្យល់​ទេ ប៉ុន្តែ​អាជ្ញា​ធរ​បាន​ព្យា​យាម​លើក​កម្ពស់​សីល​ធម៌ ក្នុង​ចំណោម​បុគ្គ​លិក​ពេទ្យ​ជួរ​មុខ ជា​ពិសេស​បន្ទាប់​ពី​មរណ​ភាព​របស់​វេជ្ជ​បណ្ឌិត​លោក Li Wenliang ដែល​បាន​ស្លាប់​ដោយ​ជំងឺ​បណ្ដាល​មក​ពី​វីរុស​នេះ បន្ទាប់​ពី​ត្រូវ​បាន​ប៉ូលីស​ស្តី​បន្ទោស ដោយ​សារ​លោក​បាន​ប្រកាស​មុន​គេ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​អំពី​វីរុស​ថ្មី​។

គិត​ត្រឹម​ថ្ងៃ​ច័ន្ទ នៅ​ក្នុង​ប្រទេស​ចិន​ដី​គោក មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​កើន​ដល់​៤២,៦៣៨​នាក់ ខណៈ​អ្នក​ស្លាប់​កើន​ដល់​១,០១៦​នាក់​៕

ប្រភព៖ South China Morning Post