ភ្នំពេញ៖ រដ្ឋាភិបាលចិនបានបញ្ជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្រ្តនៃតំបន់ស្វ័យត Guangxi ចំនួន​ ៧រូប  មកកាន់ប្រទេសកម្ពុជាតាមយន្តហោះ CHINA SOUTHERN ដែលបានចុះចត ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីជួយដល់កម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងជម្ងឺ វីរុសCOVID-19 ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា និងលោក Wang Wentian  ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាច្រើនទៀត បានទទួលស្វាគមន៍ គ្រូពេទ្យដែលមកពីប្រទេសចិននេះ នៅព្រឹកថ្ងៃទី២៣ ខែមីនាឆ្នាំ២០២០។

បើតាមស្ថានទូតចិនប្រចាំកម្ពុជា ក្រុមគ្រូពេទ្យជំនាញទាំងនេះ នឹងធ្វើការពិភាក្សាអំពីបទពិសោធន៍នៃកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយនឹងភាគីកម្ពុជា និងផ្តល់យោបល់ណែនាំជូនដល់អ្នក ជំងឺក្នុងពេលព្យាបាល។

គិតត្រឹមម៉ោង ១០ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល ប្រកាសថា បានរកឃើញ២ករណីបន្ថែមទៀត នៅខេត្តកំពង់ចាម និងខេត្តកោះកុង សរុបមានចំនួន ៨៦នាក់ហើយ។ ក្រសួងសុខាភិបាល បានអះអាងថា ក្រុមការងាររបស់ក្រសួង កំពុងតែធ្វើកិច្ចការស្រាវជ្រាវរកករណីថ្មីបន្តទៀត យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកអ្នកឆ្លងជំងឺកូវីដ១៩៕