ស្របពេលដែល Premier League ត្រូវបាន​កំណត់ឲ្យមកដំណើរការឡើងវិញ ពីថ្ងៃទី ១៧ខែមិថុនាខាងមុខ ស្រាប់តែគ្រូបង្វឹកក្លឹប Leicester City លោក Bredan Rodgers នៅថ្ងៃទី ២៩ខែឧសភា បាន​អះអាងថា លោក​ក៏ធ្លាប់​ឆ្លងមេរោគកូរ៉ូណាដែរ អំឡុងពេល​គ្មានការប្រកួតបាល់ទាត់នោះ។ ប៉ុន្តែមក​ដល់​ពេលនេះ លោក​បាន​ជាសះស្បើយ​ពេញលេញ​ធម្មតាវិញហើយ។
លោក Brendan Rodgers បានបង្ហើប​ថា លោក​ធ្លាប់​ឆ្លងមេរោគកូរ៉ូណា យ៉ាងដូច្នេះថា៖ «ក្នុងរយៈពេល ៣សប្តាហ៍  ខ្ញុំ​មិនដឹងក្លិន មិនដឹងរសជាតិទេ។ ខ្ញុំ​គ្មាន​កម្លាំង ហើយ​មួយសប្តាហ៍បន្ទាប់មក ប្រពន្ធរបស់ខ្ញុំ ក៏ដូចគ្នាដែរ។ យើង​បាន​ធ្វើតេស្ត ហើយ​យើង​ទាំង ២នាក់បានឆ្លងមេរោគ (មេរោគកូរ៉ូណា)»។
ដូច្នេះ លោក Bredan Rodgers គឺជាគ្រូបង្វឹកនៅ Premier League ទី ២ ដែល​មានបទពិសោធន៍ឆ្លងមេរោគកូរ៉ូណា បន្ទាប់ពីលោក Mikel Arteta គ្រូបង្វឹក​ Arsenal ដែលធ្លាប់បានឆ្លង និង​ជាសះស្បើយដូចគ្នា​​ដែរនោះ៕
ប្រភព៖ BBC