យោងតាម​របាយការណ៍របស់គណៈកម្មាធិការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា គិតត្រឹមថ្ងៃ សៅរ៍ម្សិលមិញ មានមនុស្សស្លាប់ដោយគ្រោះ​មហ​ន្តរា​យ​ទឹកជំនន់កើនឡើង​ចំនួន៤០នាក់ហើយ ក្នុងនោះពលរដ្ឋចំនួនជាង ៥៤ម៉ឺននាក់ រងប៉ះពាល់ដោយសារទឹកជំនន់ និងជាង៤៧ម៉ឺននាក់ ត្រូវបានជម្លៀស​ទៅកន្លែង​មានសុវត្ថិភាព។

បើតាមរបាយការណ៍ អ្នកស្លាប់ទាំង៤០នាក់ រួមមាននៅខេត្តបន្ទាយមានជ័យ ស្លាប់​ច្រើនជាងគេ ចំនួន២៣នាក់ ពោធិ៍សាត់ចំនួន ៦នាក់ កំពង់ធំ មានចំនួន ៦នាក់ ព្រះ​សីហនុ២ នាក់ ប៉ៃលិន១នាក់ ស្ទឹងត្រែង១នាក់ និងកំពង់ឆ្នាំង១នាក់។  



បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ស្រូវប្រមាណជាង ២៧ម៉ឺន​ហិកតា រួមទាំងដំណាំផ្សេងៗ ជាង៨៨ពាន់ហិកតា ត្រូវបានលិចលង់ដោយទឹកជំនន់។ 

 សូមបញ្ជាក់ថា មានរាជធានីខេត្តចំនួន ២០ហើយ ដែលរងប៉ះពាល់ដោយទឹកជំនន់ ក្នុងនោះរួមមាន ភ្នំពេញ ពោធិ៍សាត់  បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ  កណ្ដាល ព្រះសីហនុ កំពង់ធំ ស្ទឹងត្រែង កំពង់ស្ពឺ តាកែវ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ ស្វាយរៀង មណ្ឌលគីរី កំពង់ឆ្នាំង កោះកុង ត្បូងឃ្មុំ និងកំពង់ចាម៕