សារព័ត៌មានខ្មែរណាស់ បានសហការជាមួយមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយពីព្រឹត្តិការណ៍នៃពិធី បុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី៧ ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យដែលព្យាបាលកុមារដោយអត់គិតថ្លៃនៅក្នុងខេត្តសៀមរាបមួយនេះ។ នេះជាសកម្មភាពសប្បុរសធម៌ ដែលសារព័ត៌មានខ្មែរណាស់ ចូលរួមជាមួយមន្ទីរពេទ្យកុមារអង្គរ ក្នុងការផ្សព្វផ្សាយដោយអត់គិតថ្លៃ។

ឆ្នាំ២០២០នេះ មន្ទីរពេទ្យកុមារអង្គរ និងមានការសហការណ៍ដោយ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ នឹងប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីគម្រប់ខួបលើកទី៧ ដែលនឹងរៀបចំធ្វើឡើងនៅឧបដ្ឋានវត្តរាជបូណ៌ នៅថ្ងៃអាទិត្យ ទី៣០ សីហា ២០២០ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យនេះ។

មន្ទីរពេទ្យកុមារអង្គរ មានព្រឹត្តិការណ៍ធំៗប្រចាំឆ្នាំជាច្រើន ដើម្បីរៃអង្គាសមូលនិធិពីសប្បុរសជននៅក្នុងប្រទេសសម្រាប់ផ្គត់ផ្គង់ដល់ដំណើរការនៃការផ្តល់ការពិនិត្យ ព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងឥតគិតកម្រៃ។ ក្រុមការងាររៃអង្គាសក្នុងស្រុករបស់មន្ទីរពេទ្យកុមារអង្គរ ផ្តួចផ្តើមគំនិតក្នុងការច្របាច់បញ្ចូលគ្នាកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី និងសកម្មភាពរៃអង្គាសថវិកាដល់មន្ទីរពេទ្យ ដោយយល់ឃើញពីគោលបំណងស្របគ្នារវាងការធ្វើបុណ្យរបស់បុណ្យផ្កាប្រាក់ និងការជួយសង្គ្រោះជីវិតកុមារ របស់មន្ទីរពេទ្យ។



បុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរនេះ តែងតែប្រារព្ធធ្វើឡើងនៅក្នុងខែមិថុនាជារៀងរាល់ឆ្នាំក្នុងឧបដ្ឋានវត្តរាជបូណ៌ ខេត្តសៀមរាប ចាប់តាំងពីឆ្នាំ ២០១៣ មក។ ប៉ុន្តែដោយសារឆ្នាំនេះ មានវិបត្តិកូវីដ១៩ ទើបត្រូវលើកពេលដល់ចុងខែសីហា ។

ថវិការៃអង្គាសដែលទទួលបានពីពិធីនេះ នឹងត្រូវបានយកមកប្រើប្រាស់ក្នុងការផ្តល់សេវាសុខភាពជួយសង្គ្រោះជីវិតកុមារកម្ពុជា មកពីគ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងតិច ៤០០ នាក់ក្នុងមួយថ្ងៃៗ នៅក្នុងមន្ទីរពេទ្យកុមារអង្គរដោយឥតគិតកម្រៃ ប្រកបដោយគុណភាពខ្ពស់ និងក្តីមេត្តាករុណា៕