អ្នកវិទ្យាសាស្រ្ដបានរកឃើញថា ខ្ទឹមស មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ដូចជា ជួយពង្រឹងប្រព័ន្ធការពាររាងកាយ ការពារការដាច់សរសៃឈាមខួរក្បាល និងជួយប្រឆាំងការឆ្លងជំងឺផ្ដាសាយជាដើម។

ខ្ទឹមសចំនួន៣ដុំ ត្រូវបានរកឃើញថា មានផ្ទុកវីតាមីន សារធាតុរ៉ែ និងសារធាតុចិញ្ចឹមជាច្រើន ដូចជា វីតាមីនCចំនួន៨មីលីក្រាម វីតាមីនB6 ចំនួន១មីលីក្រាម ជាតិកាល់ស្យូម១៦មីលីក្រាម ប៉ូតាស្យូម៣៦មីលីក្រាម ផូស្វរចំនួន១៣មីលីក្រាម អាស៊ីតខ្លាញ់អូមេហ្គា៣ជួយពង្រឹងឆ្អឹងចំនួន៨មីលីក្រាម កាបូអ៊ីដ្រាតជួយចឹញ្ចឹមជាលិកានិងផ្ដល់ថាមពលដល់រាងកាយចំនួន៣ ក្រាម និង កាឡូរីចំនួន១៣។

ចំពោះអត្ថប្រយោជន៍របស់ខ្ទឹមសផ្ដល់ទៅសុខភាពដូចជា៖

ទី១ ពង្រឹងប្រព័ន្ធការពាររាងកាយ

  • ការសិក្សាមួយបានរកឃើញថា ការបរិភោគខ្ទឹមសស្រស់ជាមួយអាហារ គឺផ្ដល់លទ្ធផលភ្លាមៗក្នុងការជួយពង្រឹងប្រព័ន្ធការពាររាងកាយ។ អ្នកស្មោះចិត្តចំនួន១៧នាក់ បានបិរភោគខ្ទឹមសអស់ចំនួន២ដុំ ហើយក្រោយមកចំនួន៣ម៉ោង ធ្វើតេស្ដឈាមនិងបានបង្ហាញថា ការបរិភោគខ្ទឹមសផ្ដល់ផលវិជ្ជមានទៅដល់ប្រព័ន្ធការពាររាងកាយ ពីព្រោះខ្ទឹមស បានបង្កើតឱ្យមានប្រភេទកោសិកាឈាមស ដែលមានតួនាទីដ៏សំខាន់ក្នុងការជួយឱ្យប្រព័ន្ធការពាររាងកាយមានសុខភាពល្អ។

ទី២ ជួយប្រឆាំងការឆ្លងជំងឺផ្ដាសាយនិងគ្រុនក្ដៅ

  • ការសិក្សាក្នុងឆ្នាំ២០១៦ បានពិសោធន៍ទៅលើអ្នកស្មោះចិត្តចំនួន១២០នាក់ ដើម្បីឱ្យបរិភោគខ្ទឹមសចំនួន៣ខែ។ ការសិក្សានេះរកឃើញថា ខ្ទឹមសបានជួយពង្រឹងទៅដល់មុខងារកោសិកាភាពស៊ាំ ដែលជួយបង្កើតប្រព័ន្ធការពាររាងកាយដើម្បីបន្ថយភាពធ្ងន់ធ្ងរនៃការឆ្លងផ្លូវដង្ហើមខាងលើ ដូចជាឆ្លងជំងឺគ្រុនក្ដៅនិងផ្ដាសាយ។

ទី៣ ជួយដល់សុខភាពបេះដូង

  • ការស្រាវជ្រាវមួយពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៦បានអះអាងថា ខ្ទឹមស អាចជួយការពារ ការដាច់សរសៃឈាមបេះដូង ដោយលើកហេតុផលថា ខ្ទឹមស គឺមានសមាសភាពវេជ្ជសាស្ដ្រក្នុងការការពារផលប៉ះពាល់ទៅដល់សុខភាពបេះដូង។ ការសិក្សាមួយទៀតក្នុងឆ្នាំ២០១៧ បង្ហាញថា ខ្ទឹមស បានទាំងជួយនិងព្យបាលការដាច់សរសៃឈាមបេះដូង។

ទី៤ ជួយការពារជំងឺលើសឈាម

  • បន្ទាប់ពីមានការសិក្សាមួយទៅលើមនុស្សចំនួន៩៧០នាក់ គឺអ្នកស្រាវជ្រាវបានរកឃើញថា ការបរិភោគខ្ទឹមស អាចជួយកាត់បន្ថយទាំងសម្ពាធឈាម Systolic និងសម្ពាធឈាមDiastolic។

ទី៥ ជួយកាត់បន្ថយកូឡេស្តេរ៉ុល

  • ខ្ទឹមស បានជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ុលមិនល្អ ជាប្រភេទកូលេស្តេរ៉ុលមួយដែលអ្នកវិទ្យាសាស្រ្ដពន្យល់ថា បានធ្វើឱ្យប៉ះពាល់ទៅសរសៃឈាមនិងបេះដូង។ ការសិក្សាមួយទៀតក៏បានរកឃើញថា ខ្ទឹមសស្រស់២០ក្រាមលាយជាមួយទឹកក្រូចឆ្មាមួយស្លាបព្រាកាហ្វេ គឺអាចជួយកម្រិតកូឡេស្ដេរ៉ុលធ្លាក់ចុះយ៉ាងមានប្រសិទ្ធិភាពបំផុត។

ទី៦ ជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម

  • ការបរិភោគខ្ទឹមសចាប់ពី១.៥ក្រាមឡើងទៅជារៀងរាល់ថ្ងៃ នឹងធ្វើឱ្យជាតិស្ករក្នុងឈាមធ្លាក់ចុះយ៉ាងឆាប់រហ័សក្នុងរយៈពេលពី១ទៅ២សប្ដាហ៍។

ទី៧ ជួយការពារថ្លើម

  • ការពិសោធន៍មួយទៅលើមនុស្សដែលមិនមានបញ្ហាថ្លើមដោយសារការប្រើប្រាសគ្រឿងស្រវឹង។ គេបានជ្រើសរើសមនុស្សប្រុសស្រីចំនួន១១០នាក់ ហើយបានបែងចែកជា២ក្រុម ដោយក្រុមមួយឱ្យបរិភោគម្សៅខ្ទឹមសចំនួន៤០០មីលីក្រាម ចំនួនពីរដងក្នុងមួយថ្ងៃ។ ក្រោយមកការសិក្សានេះបានរកឃើញថា ការបរិភោគខ្ទឹមស គឺបានធ្វើឱ្យស្រកទម្ងន់ចំពោះអ្នកមិនមានបញ្ហាថ្លើមដោយសារការប្រើគ្រឿងស្រវឹង។ រីឯការសិក្សាមួយទៀតក៏បង្ហាញថា ខ្ទឹមសបានជួយការពារថ្លើមដែលត្រូវរងការខូចខាតពីការប្រើគ្រឿងស្រវឹង។

ជាមួយគ្នានេះ ខ្ទឹមសក៏មានប្រយោជន៍ច្រើទៀតដែរ ដូចជាជួយការពារជំងឺពុកឆ្អឹងសម្រាប់ស្រ្ដីអស់រដូវ ជួយព្យាបាលជំងឺដំបៅក្រពះ ជួយបង្កើនការចងចាំក្នុងខួរក្បាល និងជាពិសេសជួយប្រឆាំងជំងឺមហារីកបានច្រើនប្រភេទ៕

ប្រភព៖ Healthy and Natural World