ថ្មីៗនេះ រដ្ឋបាលក្រុងព្រះសីហនុ បានប្រកាសពីសម្ព័ន្ធភាពរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ របស់ចិន ថានឹងក្លាយជាបងប្អូននឹងគ្នា។

ក្រោយពីលេចលឺព័ត៌មាននេះ អ្នកលេងបណ្តាញហ្វេសប៊ុកខ្មែរជាច្រើន​ចោទជា​សំនួរថា៖ «តើខេត្តព្រះសីហនុយើង នឹងទៅជាយ៉ាងណានៅថ្ងៃអនាគត? ហើយ​ថាតើពលរដ្ឋខ្មែរ ប៉ុន្មាននាក់ ដែលហ៊ានទៅរស់នៅ​និងប្រកបការងារនៅ​ខេត្តជាំងស៊ូ របស់ចិន ដូចដែលចិនចូលមករស់នៅ និងរកស៊ីក្នុងខេត្តព្រះសីហនុយើងនេះ?»។

លោក យន្ត​ មីន​ អភិបាល​នៃ​គណៈ​អភិបាល​ ខេត្ត​ព្រះសីហនុ​ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ ​ ​បានចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា​ ស្តី​ពី​ការ​បង្កើត​សម្ព័ន្ធ​មេត្រីភាព​ ខេត្ត​បងប្អូន​ រវាង​ខេត្ត​ព្រះសីហនុ​ និង​ខេត្ត​ជាំងស៊ូ​ នៃ​សាធារណ:រដ្ឋ​ប្រជា​មានិត​ ចិន​រួចហើយ កាល​ពី​ថ្ងៃ​ទី​ ២៥​ខែ​តុលា​ ឆ្នាំ​២០១៨។ ​ នេះបើតាមការ​ផ្សព្វផ្សាយលើទំព័រ​ហ្វេសប៊ុករបស់​រដ្ឋបាល​ ខេត្ត​ព្រះសីហនុ ។

យោងតាមរបាយការណ៍​ក្រសួងទេសចរណ៍​កម្ពុជា ដែល​បាន​ចុះ​ផ្សាយ​ ដោយព័ត៌មាន​ក្នុងស្រុកមួយបាន ​បង្ហាញ​ថា កម្ពុជា​នឹង​ត្រៀម​ទទួល​ភ្ញៀវ​ចិន​ប្រមាណ ២​លាន​នាក់​ទៀត បើ​គិត​ត្រឹម​ ឆ្នាំ​២០២០​ខាង​មុខ។

សូម​បញ្ជាក់​ថា ចាប់​ពី​ឆ្នាំ​២០១៥មក ក្រុមហ៊ុន​មកពី​ប្រទេស​ចិន បាន​ឈរ​លំដាប់​ទី​១ ដែល​មាន​ប្រមាណ ​១៨,៦២% ដែល​បាន​វិនិយោគ​ដោយ​ផ្ទាល់​លើ​វិស័យ​ទេសចរណ៍​ ក្នុងចំណោម​ទុន​វិនិយោគ​សរុប​ប្រមាណ ​៤៦៤​ពាន់​​លាន​ដុល្លារ​អាមេរិក៕​

អត្ថបទ៖ សាវតា