ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសនៅថ្ងៃអង្គារ៌នេះថា ទ្រនុងសម្ពាតខ្ពស់ពីភូមិភាគខាងជើង កំពុងបន្តធ្លាក់ចុះមកក្រោម គួបផ្សំជាមួយនឹងខ្យល់មូសុងឦសានកាន់តែបង្កើនឥទ្ធិពលខ្លាំង នឹងធ្វើឲ្យកម្ពុជានៅដើម​ឆ្នាំ២០២១នេះ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១៦ មករា មានសីតុណ្ហភាពចុះត្រជាក់ខ្លាំង ។

ខេត្តនៅតំបន់ភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន នឹងមានសីតុណ្ហភាពរង្វង់ពី​១៨​អង្សាសេ ទៅ១៧អង្សាសេ។ ជាពិសេសនៅបណ្តាខេត្តមួយចំំនួនដូចជា ខេត្តរតនគិរី មណ្ឌល​គិរី ឧត្តរមានជ័យ ព្រះវិហារ និងខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី ១១ ដល់១៣មករា នឹងសីតុណ្ហភាពធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១២អង្សាសេ ទៅ១៥អង្សាសេ លាយឡំជាមួយខ្យល់ខ្លាំងផងដែរ។

ដោយឡែកនៅតំបន់វាលទំនាបសីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី១៦ ទៅ២១អង្សាសេ។ ជាពិសេសពីថ្ងៃទី១១ ដល់ថ្ងៃទី២៣ មករា នៅបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ធំ សៀមរាប ប៉ែលិន បាត់ដំបង និងខេត្តពោធិ៍សាត់ នឹងមានសីតុណ្ហភាពធ្លាក់ចុះមកនៅក្នុងរង្វង់ពី១៥ អង្សាសេ ទៅ១៨អង្សាសេ លាយឡំជាមួយខ្យល់មធ្យម ។



ចំពោះនៅតំបន់មាត់សមុទ្រវិញសីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី១៨អង្សាសេ ទៅ២១ អង្សាសេ និងនៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ នៅថ្ងៃ​ទី​១២មករា។

ដោយសារមូលហេតុខាងលើនេះ ក្រសួងធនធានទឹកបានអំពាវនាវដល់កងទ័ពដែលរស់​នៅ​និងឈជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ត្រូវបង្កើនការយកចិត្តទុក​ដាក់​ថែរក្សាសុខភាព និងប្រជាពលរដ្ឋនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ដែរ៕