កម្មវិធីប្រណាំងទូកង លើកទី៥ឆ្នាំ ដែលចាប់ផ្ដើមពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែតុលានេះ កំពុងធ្វើឡើងនៅខាងមុនសួនច្បារទីក្រុងតាខ្មៅ។ រដ្ឋបាលខេត្តកណ្ដាលបានដាក់កម្លាំងការពារសណ្ដាប់ធ្នាប់ និងមានគ្រួពេទ្យព្រមទាំងរថយន្តសង្គ្រោះប្រចាំការ ដើម្បីផ្ដល់សុវត្ថិភាពជូនពលរដ្ឋ ដែលមកទស្សនាកំសាន្តកម្មវិធីប្រណាំងទូកនេះ។

អភិបាលខេត្តកណ្ដាល ឯកឧត្តម ម៉ៅ ភិរុណ បានថ្លែងថា កម្មវិធីប្រណាំងទូកងដែលតែងធ្វើឡើងអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ គឺដើម្បីសម្រាំងយកទូកងជើងឯកដែលមានល្បឿនលឿនបំផុត ត្រៀមទៅចូលរួមប្រកួតនៅក្នុងកម្មវិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ដែលត្រូវរៀបចំឡើងនៅក្នុងខែវិច្ឆិកាខាងនេះ។ ឯកឧត្តមបន្តថា ក្រៅពីនេះ ក៏ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងជាពិសេសដើម្បីបង្កើតឱ្យមានបរិយាកាសសប្បាយរីករាយជួនពលរដ្ឋតែម្ដង។

ទូកបានចូលរួមប្រកួតលើកនេះ គឺមានចំនួន៦៣ទូក ដែលមកពីខេត្តកំពង់ចាម ភ្នំពេញ និងនៅខេត្តកណ្ដាលផ្ទាល់។ នៅក្នុងនោះ ក៏មានការរៀបចំឱ្យមានស្ដង់លក់ទំនិញគ្រប់ប្រភេទចំនួន១២០ស្ដង់ដែរ។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ទៀតថា ក្នុងចំណោមស្ដង់ទាំងនេះ គឺមានតាំងបង្ហាញផលិតផលដែលទើបបង្កើតបានថ្មីនៅក្នុងស្រុក និងខ្លះទៀតនាំចូលពីក្រៅប្រទេស ក្នុងនោះ ក៏មានផលិតផលតំណាងឱ្យខេត្តកណ្ដាលដែរ៕