លោក ហង់ ភូមិរ៉ា នៅខាង ឆ្ងេង ឯអ្នកនាង ខាត់ សុខឃីម នៅខាងស្តាំ

សិល្បការិនីពហុជំនាញ អ្នកនាង ខាត់ សុឃីម និងលោក ហង់ ភូមិរ៉ា ជានាដករសិល្បៈល្ខោនខោល រំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីអង្គការ UNESCO បានសម្រេចដាក់បញ្ចូលល្ខោនខោលកម្ពុជាចូលក្នុងបញ្ជីបេតិកភណ្ឌ​វប្បធម៌​អរូបីនៃមនុស្សជាតិ នៅក្នុងកិច្ចប្រជុំមួយ ក្នុងប្រទេសម៉ូរីស នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨។

អ្នកនាងខាត់ សុឃីម ដែលអ្នកគាំទ្រមួយចំនួនដាក់ឈ្មោះថា ជាតារាបុរាណនិយម រំភើបចិត្តឥតឧបមា នៅពេលដែលអ្នកនាងបានដឹងថា អង្គការយូណេស្កូ សម្រេចឲ្យកម្ពុជាជាប់។ សិល្បការិនី ដ៏មានប្រជាប្រិយរូបនេះ ថ្លែងប្រាប់សារព័ត៌មានខ្មែរណាស់(Khmernas) យ៉ាងនេះថា៖«សម្រាប់ខ្ញុំ ក្នុងនាមជាកូនខ្មែរមួយរូប ត្រេករកនិយាយអ្វីមិនចង់ចេញ។ ខ្ញុំរីករាយណាស់! ខ្ញុំសប្បាយណាស់ ពេលបានបានទទួលដំណឹងនេះ។ ដូច្នេះ សូមឲ្យបងប្អូនយើងចូលរួមថែរក្សាទាំងអស់គ្នា ដោយកុំស្រឡាញ់តែមាត់»។

អ្នកនាង ខាត់ សុឃីម ដែលតែងចែករំលែកនៅលើបណ្តាញសង្គម និងអំពាវនាវឲ្យពលរដ្ឋខ្មែរចូលរូួមថែរក្សា និងលើកស្ទួយល្ខោនខោល កន្លងមក បានរៀបរាប់យ៉ាងនេះទៀតថា៖« ខ្ញុំក៏សូមអរគុណទឹកចិត្តប្រជាពលរដ្ឋខ្មែរ ដែលកន្លងមកបានភ្ញាក់រលឹក និងជួយចែករំលែកនៅលើបណ្តាញសង្គមអំពីល្ខោនខោល ទើបយើងផុសផុលមែនទែន ក្នុងរយៈពេលចុងក្រោយ ដែលបានបង្ហាញទៅកាន់ពិភពលោក។ សូមឲ្យស្មារតីនេះ នៅតរៀងទៅ»។

មិនខុសពីអ្នកនាង ខាត់ សុឃីម នោះឡើយ លោក ហង់ ភូមិរ៉ា ប្រធានក្រុមសិល្បៈយុវជនល្ខោនខោលជំនាន់ថ្មី ក៏រំភើបចិត្តជាខ្លាំងដែរ បន្ទាប់ពីលោកទទួលបានដំណឹងថា ល្ខោនខោលខ្មែរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្កការយូណេស្កូផ្លូវការនេះ។ នាដករសិល្បៈល្ខោនខោលរូបនេះ បញ្ជាក់ប្រាប់ខ្មែរណាស់ថា៖« ខ្ញុំទើបដឹងមុននេះបន្តិច តាមរយៈក្រុមការងារផ្ញើសារប្រាប់។ ខ្ញុំរំជួលចិត្តមែនទែន ដែលក្តីសង្ឃឹមរបស់ខ្ញុំ ក៏ដូចជាពលរដ្ឋខ្មែរដទៃទៀតដែរ បានសម្រេចបែបនេះ»។

លោក ភូមិរ៉ា ក៏បន្ថែមថា ការសម្រេចរបស់អង្គការយូណេស្កូ នឹងធ្វើឲ្យលោក និងក្រុមការងារ កាន់តែមានកម្លាំងចិត្តក្នុងការបន្តកិច្ចការងារនេះកាន់តែខ្លាំង និងប្រឹងប្រែងបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ឲ្យកាន់តែខ្លាំងក្លាថែមទៀត។

លោក ហុង មករា មន្រ្តីរបស់អង្គការ  UNESCO ប្រចាំនៅកម្ពុជា ប្រាប់សារព័ត៌មានខ្មែរណាស់ថា ល្ខោនខោលកម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្ក​ការ​យូណស្កូរបស់អង្គការយូណេស្កូ នោះ គឺល្ខោនខោល នៅក្នុងវត្ត​ស្វាយ​អណ្តែត ក្នុងស្រុកល្វាឯម។ ក្រុមល្ខោនខោល វត្តស្វាយអណ្តែតនេះ ត្រូវបានបំបែក និងបង្កើតឡើងដំបូងពីក្រុម យីកេនៅក្នុងវត្តនេះ ក្នុងរជ្ជកាល ព្រះបាទអង្គដួង ។ ជាទូទៅ ក្រុមល្ខោននេះ មិនត្រឹមតែសម្តែងសម្រាប់ ជាការទស្សនាកម្សាន្តនោះទេ តែវាក៏ត្រូវបានគេយកទៅ​សម្តែងលេងជាតង្វាយ ដោយមានការបញ្ចូលរូប ដើម្បី បន់ស្រន់ សុំសេចក្តីសុខ និងម្យ៉ាងទៀតវាគឺ ជាកាតព្វកិច្ចរបស់ អ្នកស្រុកដែលត្រូវតែរៀបចំ ពិធី នេះ និងច្រើនតែប្រារព្ធធ្វើទៅ ក្រោយពេល បុណ្យចូលឆ្នាំ ៕