នាយក​រដ្ឋ​មន្រ្តី​ថ្មី​របស់​ម៉ា​ឡេ​ស៊ី​លោក Muhyiddin Yassin បាន​ថ្លែង​នៅ​ក្នុង​សុន្ទរ​កថា​តាម​ទូរ​ទស្សន៍​នៅ​ថ្ងៃ​ច័ន្ទ​ទី​១៦​មីនា​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​នឹង​ហាម​ឃាត់​ពល​រដ្ឋ​មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស និង​ហាម​ជន​បរ​ទេស​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​ប្រហែល​២​សប្តាហ៍ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​ទៅ​។

លោក Muhyiddin បាន​និយាយ​ថា ច្បាប់​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​«​បទ​បញ្ជា​ចលនា​ដាក់​កម្រិត​» ដែល​បង្កើត​ឡើង​ដោយ​រដ្ឋា​ភិ​បាល​ម៉ា​ឡេ​ស៊ី ដើម្បី​ការ​ពារ​ការ​រីក​រាល​ដាល​បន្ថែម​ទៀត​នៃ​កូវីដ​១៩​។

ចាប់​ពី​ថ្ងៃ​ទី​១៨​ខែ​មីនា​ដល់​ថ្ងៃ​ទី​៣១​ខែ​មីនា ប្រជា​ជន​ម៉ា​ឡេ​ស៊ី​ទាំង​អស់​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​។ លោក Muhyiddin បាន​មាន​ប្រសាសន៍​ថា អ្នក​ដែល​ត្រឡប់​មក​ពី​បរ​ទេស នឹង​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​សុខ​ភាព​និង​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៤​ថ្ងៃ​។

លោក​បាន​បន្ថែម​ថា អ្នក​ដំណើរ​បរ​ទេស រួម​ទាំង​ភ្ញៀវ​ទេស​ចរ ក៏​នឹង​មិន​ត្រូវ​បាន​អនុ​ញ្ញាត​ឱ្យ​ចូល​ប្រទេស​ម៉ា​ឡេ​ស៊ី​ក្នុង​អំឡុង​ពេល​នេះ​ដែរ​។

ការ​ប្រកាស​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ក្លាយ​ជា​ប្រទេស​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ​នៅ​អាស៊ី​អា​គ្នេយ៍ ដែល​រហូត​មក​ដល់​ពេល​នេះ បាន​រាយ​ការណ៍​ថា មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​១២៥​នាក់​នៅ​ក្នុង​ថ្ងៃ​ច័ន្ទ ហើយ​បាន​ធ្វើ​ឱ្យ​ចំនួន​ឆ្លង​សរុប​កើន​ឡើង​ដល់​៥៥៣​នាក់​។

ករណី​ជាង​៣០០​នាក់ គឺ​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ជួប​ជុំ​គ្នា នៅ​វិហារ​ឥស្លាម​មួយ នៅ​ចន្លោះ​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ​និង​ថ្ងៃ​ទី​១​ខែ​មីនា នៅ​ជាយ​ក្រុង​គូ​ឡា​ឡាំ​ពួរ​៕

ប្រភព​៖​CNA