ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសពីការរឹតបន្តឹងអនុវត្តវិធានការគោល​ការណ៍​ស្តង់ដាប្រតិបត្តិ(SOP) ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ តាមបណ្តារោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនានាក្នុងព្រះរាជណាចក្រកម្ពុជា។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជិតស្និតជាមួយក្រសួងសុខាភិបាល បាន​សង្កត់ធ្ងន់ថា នឹងបន្តចុះត្រួតពិនិត្យ តាមដានការអនុវត្តគោល​ការណ៍​ស្តង់​ដាប្រតិបត្តិ និងសេចក្តីណែនាំ នានា របស់ក្រសួងសុខាភិបាល ហើយនិងរក្សាសិទ្ធិ ក្នុងការ​បញ្ឈប់ជាបន្ទាន់ ចំពោះបណ្តាអង្គភាព ឬទីតាំងណាដែលមិនបានគោរព និងអនុ​វត្តតាមគោលការណ៍ដែលបានកំណត់។



គោលការណ៍ដែលក្រសួងវប្បធម៌ដាក់ចេញ ដើម្បីចូលរួមទប់ស្កាត់ ការចម្លងរីករាល​ដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១​មាន៤ចំណុចដូចខាងក្រោម៖

១. គ្រប់ទស្សនិកជន និងបុគ្គលិកទាំងអស់ ត្រូវពាក់ម៉ាស់ឲ្យបានជាប្រចាំ និងគ្រប់ទីកន្លែង
២. ត្រូវលាងសំអាតដៃនឹងសាប៊ូ អាល់កុល ឲ្យបានជាប្រចាំ និងញឹកញាប់
៣.ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចាប់ពី ១.៥០ម៉ែត្រឡើងទៅ ឲ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង
៤. ត្រូវរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរមានសមត្ថកិច្ច ឬមន្រ្តីសុខាភិបាល ក្នុងករណីមានការសង្ស័យថា មានបុគ្គលិក ឬទស្សនិកជនណាមួយមានទំនាក់ទំនង នឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១៕