ប្រភេទត្រីក្រពតពុល

ក្រោយពីមានករណីពលរដ្ឋនៅខេត្តព្រះសីហនុ និងខេត្តកោះកុង បានពុលត្រីក្រពតជាថ្មីម្តងទៀត ដោយបណ្តាលឲ្យស្លាប់ចំនួន ២ នាក់ ក្រសួងសុខាភិបាល បានអំពាវនាវជាថ្មី ឲ្យពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ន និងកុំបរិភោគត្រីក្រពតពុលឲ្យសោះ។ 

ក្រសួងសុខាភិបាល បានអំពាវនាវយ៉ាងនេះថា៖«ដើម្បីជៀសវាងបាននូវបញ្ហាសុខភាព ដែលអាចធ្វើ ឲ្យបាត់បង់ជីវិតបាន និងដើម្បីចៀសផុតពីការពុលត្រីក្រពតដូចករណីខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សូមកុំបរិភោគត្រីក្រពតដែលមានជាតិពុលដោយសារវាមានជាតិពុលនៅក្នុងខ្លួនវាដែលអាចបណ្តាលឲ្យស្លាប់បាន។ ជាតិពុលនៅក្នុងខ្លួនត្រីក្រពតនេះ មិនអាចកំចាត់ចោលបានទេ ទោះបីជាបានចំអិនកំដៅខ្ពស់យ៉ាងណឬដាក់ក្នុងកំរិតកកយ៉ាងណាក៏ដោយ»។ 

បើតាមក្រសួងសុខាភិបាល នៅក្នុងប្រទេសកម្ពុជា មានត្រីក្រពតចំនួន ១០ ប្រភេទ ក្នុងនោះមាន ៥ ប្រភេទមានជាតិពុល ដូចមានរូបភ្ជាប់មកជាមួយនេះ ។ ត្រីក្រពតទាំងនេះ មានជាតិពុលដែលមាន សក្តានុពលខ្ពស់ និងអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ និងស្លាប់បាន ដោយសារជាតិពុលបានជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្តាល ។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី មានកម្រិតខុសគ្នាដែរ គឺពង និងស្ពែម របស់វា មានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺថ្លើម ពោះវៀន ស្បែក និងសាច់។ 

រោគសញ្ញាចាប់ផ្តើមក្នុងរយៈពេល ២០ នាទី ទៅ ២ ម៉ោង បន្ទាប់ពីបានបរិភោគត្រីបែបនេះ។ រោគសញ្ញា រួមមាន រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈ ឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅចុងអវៈយវៈ មានការពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្ពឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្គាម ឬអាចបណ្តាលឲ្យស្លាប់តែម្តង។ នៅក្នុងករណីដែលពុលខ្លាំង ការស្លាប់អាចបណ្តាលមកពីការខ្វិនផ្លូវដង្ហើម។ ក្រោយពីពុលភ្លាមៗ ការធ្វើឲ្យក្អួត (ប្រសិនបើអាចធ្វើទៅបាន) អាចជួយបញ្ចេញជាតិពុលពីក្នុងខ្លួនយើងបានមួយចំណែក ហើយអ្នកពុលនោះត្រូវប្រញាប់ប្រញាល់មកស្វែងរកការជួយសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ដោយស្ថានភាពអ្នកពុលតម្រូវឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមដាន ពីគ្រូពេទ្យជាចាំបាច់។ 

ប្រសិនបើលោកអ្នក មានរោគសញ្ញាដូចរៀបរាប់ខាងលើ កើតមានឡើងបន្ទាប់ពីបានបរិភោគត្រីក្រពត សូមបងប្អូនប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះលោកអ្នកជាបន្ទាន់ និងសូមប្រាប់គ្រូពេទ្យពីការដែលអ្នកបានបរិភោគត្រីក្រពត។ ក្រសួងសុខាភិបាល និងបន្ដធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមគេហទំព័ររបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង www.cdcmoh.gov.kh  និងហ្វេសបុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល។ សំរាប់ព័ត៌មានបន្ថែម ៖ សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ដោយឥតគិតថ្លៃ 115 ទោះគ្មានថវិកាក្នុងទូរស័ព្ទរបស់អ្នកក៏អាចទូរស័ព្ទចូលបានដែរ ។

សូមជំរាប កាលពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៨ មានករណីពុល ដោយសារបរិភោគត្រីក្រពត នៅខេត្ត ព្រះសីហនុ និង ខេត្តកោះកុង ដែលសរុបករណីពុលចំនួន១១នាក់ ក្នុងនោះស្លាប់២នាក់ ខេត្តព្រះសីហនុ១នាក់ និងខេត្តកោះកុង១នាក់ ហើយអ្នកដែលបានពុលចំនួន៩នាក់ទៀត បានដាក់ឲ្យសំរាកនៅមន្ទីរពេទ្យខេត្តព្រះសីហនុ។