មរណភាពរបស់តារាចម្រៀងវ័យក្មេង ខេមរៈ ស្រីពៅ កាលពីពេលថ្មីៗនេះ នៅតែជាព័ត៌មានដែលមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង បើទោះបីជាពិធីបុណ្យ ៧ ថ្ងៃ បានបញ្ចប់ទៅហើយក្តី។ អ្វីដែលកាន់តែធ្វើឲ្យប្រជាជនភ្ញាក់ផ្អើលទៀតនោះ គឺលោក ខេមរៈ សិរីមន្ត បងប្រុសបង្កើតកញ្ញា ខេមរៈ ស្រពៅ បានចេញមុខធ្វើសន្និសីទកាសែត បកស្រាយពីមូលហេតុដែលប្អូនស្រីខ្លួនស្លាប។

នៅក្នុងសន្និសីទកាសែតនៅថ្ងៃសៅរ៍ទី ២ ខែកុម្ភៈនេះ លោក សរិមន្ត បានលើកឡើងថា ដំបូងឡើយប្អូនស្រីរបស់លោកគ្រាន់តែមានអាការៈគ្រេចកជើងប៉ុណ្ណោះ តែពេលទៅព្យាបាលនៅពេទ្យឯកជនមួយកន្លែងម្តុំផ្សារតាប៉ាង រាជធានីភ្នំពេញ វេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យឯ បានធ្វើរោគវិនិច្ឆ័យ មិនបានត្រឹមត្រូវ ហើយបានផ្សំថ្នាំ (ផ្សំថ្នាំសន្លាក់ឲ្យលេប) ឲ្យនាង(ខេមរៈ ស្រីពៅ) លេប ខុសពីជំងឺពិតប្រាកដ។ លោកថា ដោយសារកត្តានេះហើយ ទើបបណ្ដាលឲ្យប្អូនស្រីលោក ប្រតិកម្មថ្នាំ និងធ្លាក់ខ្លួនឈឺធ្ងន់ រហូតត្រូវបញ្ជូនទៅព្យាបាលនៅក្រៅប្រទេស និងទីបំផុតទទួលមរណភាព។

លោក ខេមរៈ​ សិរីមន្ត បានអំពាវនាវឲ្យប្រជាជន ប្រយ័ត្នប្រយែងចំពោះថ្នាំពេទ្យឲ្យមែនទែន មុននឹងលេបថ្នាំ។ ទន្ទឹមនឹងនេះ លោកស្នើសុំទៅកាន់គ្រូពេទ្យយ៉ាងដូច្នេះថា៖« ខ្ញុំសូមទទួចអង្វរដល់វេជ្ជបណ្ឌិត ដែលមានជំនាញពិតប្រាដក និងមិនពិត ប្រាកដ សូមមេត្តា កុំយកជីវិតមនុសុ្សមកលេងសើចជាមួយនឹងការវិនិច្ឆ័យមិនត្រឹមត្រូវ។ ទុកតម្កល់ជីវិតមនុស្សជាសំខាន់ កុំវិនិច្ឆ័យដើម្បីតែយកលុយចូលហោប៉ាវ! កុំគិតតែរឿងនេះឲ្យសោះ! បើហួសលទ្ធផល សូមកុំវិនិច្ឆ័យទាំងអស់ ទុកឲ្យគេទៅរកគ្រូពេទ្យដែលមានសមត្ថភាព»។

តារាចំរៀងរូបនេះ ក៏ប្រកាស ចូលរួមជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយផងដែរ។