ក្រុម​ហ៊ុន ​Facebook បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ខ្លួន​កំពុង​ចាប់​ផ្តើម​បង្កើត​មធ្យោ​បាយ​បន្ថែម​ទៀត ​ដើម្បី​ភ្ជាប់​មនុស្ស​ជា​មួយ​នឹង​ព័ត៌​មាន​ផ្លូវ​ការ​អំពី​វ៉ាក់​សាំង ​នៅ​លើ​Facebook និង​Instagram​។ សេចក្ដី​ថ្លែង​ការ​នេះ​បាន​បញ្ជាក់​ថា ក្រុម​ហ៊ុម​នឹង​កាត់​បន្ថយ​ក្រុម​ហ្វេស​ប៊ុក ​និង​ទំព័រ​ហ្វេស​ប៊ុក​នា​នា ដែល​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ត្រឹម​ត្រូវ​អំពី​ការ​ចាក់​វ៉ាក់​សាំង​នៅ​ក្នុង​មុខ​ងារ ​Search ​និង​News Feed ហើយ​នឹង​បដិ​សេធ​រាល់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម ​ដែល​រក​ឃើញ​ថា មាន​ព័ត៌​មាន​មិន​ត្រឹម​ត្រូវ​អំពី​ការ​ចាក់​វ៉ាក់​សាំង​។

ការ​ប្រកាស​​ចំណាត់​ការ​របស់​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក​នេះ​ បាន​ធ្វើ​ឡើង បន្ទាប់​ពី​ការ​ជជែក​គ្នា​អស់​ជា​ច្រើន​ខែ​ជា​មួយ​អង្គ​ការ​សុខ​ភាព​ពិភព​លោក ​(WHO) ​ស្ដី​ពី​ការ​ផ្ដល់​ព័ត៌​មាន​វ៉ាក់​សាំង​ដែល​ត្រឹម​ត្រូវ ​និង​អាច​ជឿ​ទុក​ចិត្ត​ឱ្យ​បាន​ច្រើន​ភាសា​។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន អង្គ​ការ​សុខ​ភាព​ពិភព​លោក បាន​ស្វាគមន៍​ចំពោះ​ការ​ប្រកាស​របស់​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក​នេះ​។ ក្នុង​សេចក្ដី​ថ្លែង​ការ​នេះ ​WHO​និយាយ​ថា​ «​ក្រុម​ហ៊ុន​ឌី​ជី​ថល​ធំ​ៗ មាន​ទំនួល​ខុស​ត្រូវ​ដើម្បី​ធា​នា​ថា អ្នក​ប្រើ​ប្រាស់​ ដែល​ត្រូវ​ជា​អតិ​ថិ​ជន​របស់​ពួក​គេ អាច​ទទួល​បាន​ព័ត៌​មាន​ពិត​អំពី​វ៉ាក់​សាំង​និង​សុខ​ភាព​»​។

របាយ​ការណ៍​នោះ​បន្ត​ថា ​«​ព័ត៌​មាន​មិន​ត្រឹម​ត្រូវ​នៃ​ការ​ចាក់​ថ្នាំ​បង្ការ គឺ​ជា​ការ​គំរាម​កំហែង​ដ៏​ធំ​មួយ​ដល់​សុខ​ភាព​ពិភព​លោក ​ដែល​មិន​អាច​ផ្លាស់​ប្តូរ​វឌ្ឍន​ភាព​អស់​ជាច្រើន​ទស​វត្ស​ក្នុង​ការ​ដោះ​ស្រាយ​ជំងឺ ​ដែល​អាច​ការ​ពារ​បាន​។

ជំងឺ​ឆ្លង​ដែល​ការ​ពារ​បាន​ទាំង​នោះ ដូច​ជា​ជំងឺ​កញ្ជ្រិល រោគ​ខាន់​ស្លាក់ ជំងឺ​រលាក​ថ្លើម ជំងឺ​ខួរ​ឆ្អឹង​ខ្នង ជំងឺ​អាសន្ន​រោគ និង​គ្រុន​លឿង ដែល​អាច​ការ​ពារ​ ​ដោយ​ការ​ចាក់​ថ្នាំ​បង្ការ​»​។ អង្គ​ការ​សុខ​ភាព​ពិភព​លោក​បាន​និយាយ​ថា ការ​ចាក់​វ៉ាក់​សាំង​បាន​ត្រឹម​ត្រូវ នឹង​អាច​ជួយ​ជីវិត​មនុស្ស​បាន​ប្រហែល​ ២​លាន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក​ជា​រៀង​រាល់​ឆ្នាំ​៕

ប្រភព៖ Reuter