កំពង់ស្ពឺ៖ ក្រុមហ៊ុនចូហ្គ្រេន អ៊ិនវេសម៉ិន ឯ.ក (JOE GRAND ECOINVESTMENT Co.LTD) គ្រោងដាក់សំណើសុំទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ដើម្បីវិនិយោគ​តំបន់ទេសចរណ៍ ធម្មជាតិលើផ្ទៃដីសរុប ២០៥ហិកតានៅខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ «AKP» ម្សិលមិញថា អាជ្ញាធរថ្នាក់​ខេត្ត ស្រុក ឃុំ បាន គាំទ្ររួចរាល់អស់ហើយ ចំពោះគម្រោងវិនិយោគ​របស់ក្រុមហ៊ុន​ចូហ្គ្រេន អ៊ិនវេសម៉ិន ឯ.ក។ កិច្ចការបន្តក្រុមហ៊ុននេះ ត្រូវស្នើសុំច្បាប់ពីក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាមុននឹងដំណើរវិនិយោគ របស់ខ្លួន។

បើតាមលោកអភិបាលខេត្ត៖ «អ្វីដែលយើងចាប់អារម្មណ៍នៃគម្រោងនេះគឺក្រុមហ៊ុន ទិញដីរួចហើយ អីចឹងនៅពេលគាត់បានការគាំទ្រពីអាជ្ញាធរដែនដីថ្នាក់ក្រោមទៅ គាត់នឹង ដាក់ទៅស៊ីឌីស៊ីសុំការគាំទ្រពីរាជរដ្ឋាភិបាល»។

លោក វ៉ី សំណាង មិនអាចបញ្ជាក់បានថា គម្រោងវិនិយោគនេះ ចាប់ផ្តើមនៅ ថ្ងៃណា ខែណាបានទេ រងចំាការឆ្លើយតបរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសិន។ ប៉ុន្តែឯកឧត្តម មានសុទិដ្ឋិនិយមថា អាចនឹងដំណើរបានក្នុងពេលឆាប់ៗនេះ ព្រោះក្រុមហ៊ុនមានដី និងមានទីតាំងស្រាប់ ហើយក៏ទទួលបានការគាំទ្រពីមូលដ្ឋានគ្រប់ផ្នែកផងដែរ៕

អត្ថបទ៖ ខ្មែរណាស់