ខេត្តមណ្ឌលគិរី៖ សព្វថ្ងៃមានក្រុមហ៊ុនមួយបានចុះមកទទួលទិញទិន្នផល កាហ្វេបញ្ជួន​ទៅក្រៅប្រទេស ដោយផ្តល់ជូននូវតម្លៃសមរម្យដល់កសិករ។

តំណាងក្រុមហ៊ុន Coffe Timor ប្រចាំខេត្តមណ្ឌលគិរីលោក យស ចាន់ថា បានឱ្យដឹង​ថា ក្រុមការងាររបស់លោកបាននឹងកំពុងបង្កើន​សកម្មភាពចុះបង្រៀន នឹងជួយផ្តល់ជា ដើមទុនសម្រាប់បងប្អូនប្រជាកសិករដាំដំណាំកាហ្វេ បែបធម្មជាតិដើម្បីអាចនាំចេញទៅ ក្រៅប្រ​ទេស ហើយទទួលបានតម្លៃថ្លៃ។

កសិកររស់នៅក្នុងស្រុកពេជ្រាដាបានឱ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកាថា តម្លៃកាហ្វេ ស្ងួតលក់បានរហូតដល់ទៅ១ម៉ឺនរៀល បើធៀបនឹងឆ្នាំមុន គឺលក់បានតម្លៃថ្លៃបំផុត ត្រឹមតែ៧ ពាន់រៀលប៉ុណ្ណោះ។

លោក រ៉ូយ ទើប រស់នៅស្រុកពេជ្រាដាបានបន្តថា កាហ្វេជាដំណាំមួយប្រភេទងាយ​ស្រួលដាំនឹងថែទាំ មិនពិបាក ដូច​ដំណាំម្រេចទេ។ ចំណែករយៈពេលនៃការប្រមូលផល មានរយៈពេល២ឆ្នាំកន្លះ ដោយគិត ចាប់ពីថ្ងៃដាំ។ កសិករដដែលបានបញ្ជាក់ថា តម្លៃកា​ហ្វេកាលពី ឆ្នាំ២០១៧​បានត្រឹម ៦ពាន់រៀលទៅ៧ពាន់រៀលប៉ុណ្ណោះ តែនៅ​ឆ្នាំនេះគាត់​អាចលក់​បានតម្លៃ​មួយគីឡូក្រាមរហូតដល់១ម៉ឺនរៀល ចំពោះគ្រាប់កាហ្វេស្ងួត ឯគ្រាប់​កាហ្វេស្រស់វិញ ក្នុងមួយគីឡូក្រាមតម្លៃ៤ពាន់រៀល ដែលបា​នធ្វើ​ឱ្យគាត់រួម​នឹងកសិករ​ដទៃទៀត ទទួលបានផលចំណេញច្រើនពីដំណាំនេះ​។ ចំណែក​ទិន្នផលដែល​ទទួល​បាន គឺមួយហិកតា បាន​គ្រាប់កាហ្វេស្រល់ប្រមាណ៧ទៅ៨តោន បើហាលស្ងួតអាចនៅ​សល់ត្រឹម៤ទៅ​៥តោន។

ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី លោក សុង ឃាង បានឱ្យដឹងថា «សព្វថ្ងៃផ្ទៃដី​ដាំដំណាំកាហ្វេក្នុងខេត្តមណ្ឌលគិរី មានសរុបចំនួន២៨៥ ហិកតា ក្នុងនោះ កាហ្វេ​ក្រុមហ៊ុន ចំនួន១៣៥ហិកតា។ ចំណែក​ទីផ្សារ​កាហ្វេ​សព្វ​ថ្ងៃនេះ​លោក​ប្រធាន​មន្ទីរ​បាន​ឱ្យ​ដឹង​ថា កំពុង​មាន​តម្រូវការ​ខ្ពស់​ដោយសារ​តែ​ប្រជាពលរដ្ឋ​ជា​ពិសេស​អ្នក​និយម​ពិសា​កាហ្វេ​បាន​យល់​ដឹង​ច្បាស់​ពី​ផល​ប្រ​យោ​ជ​ន៍នៃ​ការ​ពិសា​កាហ្វេ​ធម្មជាតិ និង​កាហ្វេ​គីមី​មាន​ភាព​ខុស​គ្នា​ដូច​ម្តេច ៕ AKP