ក្រុមហ៊ុន Shandong Wangeng Energy Technology Co.,LTD បានស្នើសុំវិនិយោគកែច្នៃសំរាមទៅជាថាមពលអគ្គិសនីនៅក្នុងខេត្តចំនួន២ ខេត្តព្រះសីហនុ និងសៀមរាប។ ក្រុមហ៊ុនគ្រោងចំណាយទុនវិនិយោគសរុបជាង​៨៦លានដុល្លារ​អាមេរិក។ នេបើតាមលទ្ធផលនៃជំនួបរវាងរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុន កាលពីថ្ងៃម្សិលមិញ។

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រ និងបានលើកឡើងថា ការគិតគូពីការងារគ្រប់គ្រងសំរាម កាកសំណល់ និងការកែច្នៃ គឺជាគោលដៅសំខាន់ដែលក្រសួងត្រូវជំរុញឱ្យមានការអនុវត្តស្របតាមបច្ចេកវិទ្យាទំនើបដែលជាលទ្ធភាពយើងអាចធ្វើបាន។

លោកក៏ស្នើឱ្យមានការគិតគូអំពីតម្លៃ នៃការលក់ថាមពលដែលបម្លែងពីសំរាម និងអគ្គិសនីដែលផលិតបានមកត្រូវលក់នៅកន្លែងណា ព្រោះជាផ្នែកមួយ ដើម្បីចូលរួមក្នុងវិស័យបរិស្ថាន។

សូមបញ្ជាក់ថាថ្មីៗនេះ ក្រុមហ៊ុនជប៉ុន ក៏បានចាប់ផ្ដើមអនុវត្តគម្រោងកែឆ្នៃសំរាមទៅធ្វើជាគ្រឿងសង្ហារឹមផងដែរ។ គម្រោងនេះស្ថិតក្នុងខេត្តស្វាយរៀង ហើយសំរាមដែលយកទៅកែឆ្នៃ មានមួយផ្នែកធំយកចេញពីរាជធានីភ្នំពេញ៕