នៅជុំវិញពិភពលោក កំពុងផ្ទុះការរិះគន់យ៉ាងខ្លាំង ទៅលើក្រុមហ៊ុនបង្កើតទូរស័ព្ទ Huawei ថាជាឧបករណ៍ប្រើប្រាស់ដោយរដ្ឋាភិបាលចិន ដើម្បីលួចព័ត៌មានសម្ងាត់ពីប្រទេសនានាដែលជាគូបដិបក្សរបស់ចិន។ តាមសេចក្ដីរីករាយការណ៍ឱ្យដឹងថា ប្រទេសជប៉ុនដែលគូជម្លោះដ៏តានតឹងរបស់ចិន បានប្រកាសថាខ្លួននឹងឈប់ទិញឧបករណ៍ទូរស័ព្ទពីក្រុមហ៊ុន Huawei និង ក្រុមហ៊ុន ZTE ។

ការប្រកាសរបស់ប្រទេសជប៉ុន និងការរិះគន់ពីប្រទេសដែលប្រើប្រាស់ទូរស័ព្ទ Huawei នេះ បានធ្វើឡើង បន្ទាប់ពីលោកស្រី Meng Wanzhou កូនស្រីរបស់ស្ថាបនិកក្រុមហ៊ុន Huawei ត្រូវបានអាជ្ញាធរប្រទេសកាណាដាចាប់ខ្លួនកាលពីថ្ងៃទី០១ខែធ្នូ កន្លងទៅនេះ តាមការស្នើសុំពីអាជ្ញាធរសហរដ្ឋអាមេរិក ប៉ុន្តែហេតុផលនៃការចាប់ខ្លួននោះ គឺពុំទាន់បញ្ជាក់ឱ្យបានច្បាស់លាស់នៅឡើយទេ។ ផ្ទុយទៅវិញ គ្រាន់តែមានមតិខ្លះលើកឡើងថា ដោយសារក្រុមហ៊ុន Huawei លួចលក់សម្ភារៈបច្ចេកវិទ្យាដែលមួយចំនួនក្រុមហ៊ុននេះបាននាំចេញពីសហរដ្ឋអាមេរិក ហើយបានលក់បន្តទៅប្រទេសអ៊ីរ៉ង់ ដែលជាការរំលោភលើការទណ្ឌកម្មរបស់សហររដ្ឋអាមេរិកប្រឆាំងអ៊ីរ៉ង់។

ទោះជាយ៉ាងណាក៏ដោយនៅពេលនេះ គេមិនទាន់ដឹងថា តើនឹងមានអ្វីកើតឡើងសម្រាប់ក្រុមហ៊ុន Huawei នៅឡើយទេ ស្របពេល បទចោទពិតប្រាកដចំពោះលោកស្រី Meng Wanzhou ត្រូវបានគេរាយការណ៍ថានឹងអាចប្រកាសឱ្យដឹងនៅថ្ងៃសៅរ៍នេះ។

លោកស្រី Meng Wanzhou អង្គុយក្បែរប្រធានាធិបតីរុស្ស៊ី

ប៉ុន្តែប្រទេសមួយចំនួនវិញ កំពុងព្រួយបារម្ភថា រដ្ឋាភិបាលចិនបានប្រើប្រាស់ក្រុមហ៊ុន Huawei ធ្វើជាឧបករណ៍បំភាន់ភ្នែក ដើម្បីអាចធ្វើជាចារកម្មសម្ងាត់លួចយកព័ត៌មានសំខាន់ៗពីប្រទេសដែលជាដៃគូបដិបក្ស។

ក្រុមអ្នករិះគន់បានដាក់សំនួរថា តើមានសេរីភាពប៉ុណ្ណាចំពោះក្រុមហ៊ុនរកស៊ីធំៗរបស់ចិនដែលមិនស្ថិតក្រោមឥទ្ធិពលរបស់រដ្ឋអំណាចទីក្រុងប៉េកាំងនោះ។ ពួកគេបញ្ជាក់ចំៗថា ស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei គឺជាអតីតមន្ត្រីវិស្វករនៅក្នុងជួរយោធាចិននិងបានចូលជាសមាជិកបក្សកុម្មុនិស្ដចិនតាំងពីឆ្នាំ១៩៧៨។

លោក Ren Zhengfei ឈរចង្អុរដៃក្បែរប្រធានាធិបតីចិន

ប្រឈមនឹងការរិះគន់នេះ ខាងក្រុមហ៊ុន Huawei ឆ្លើយតបថា ខ្លួនគឺជាក្រុមហ៊ុនឯកជនដែលអ្នកគ្រប់គ្រងរបស់ខ្លួន មិនមានសម្ព័ន្ធភាពជារដ្ឋាភិបាលចិនឡើយ ក្រៅតែពីរឿងពន្ធ។ Huawei បន្តថា ខ្លួនក៏ជាក្រុមហ៊ុនដែលមានការចំណាយដ៏ធំមួយ ទៅលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ ហើយកាលពីឆ្នាំ២០១៧ ខ្លួនបានវិនិយោគអស់ទឹកប្រាក់ជាង១៣ពាន់ដុល្លារ លើការងារនេះ ហើយទឹកប្រាក់វិនិយោគនេះ បានកើនឡើងបន្ថែមទៀតក្នុងឆ្នាំ២០១៨។

ថ្វីត្បិតយ៉ាងនេះក្ដី ក្រុមអ្នករិះគន់ព្រួយបារម្ភថា រដ្ឋាភិបាលចិនអាចបញ្ជាឱ្យក្រុមហ៊ុន Huawei ផ្លាស់ប្ដូរឧបករណ៍ណាមួយនៅក្នុងទូរស័ព្ ទដើម្បីជួយលួចទិន្នន័យសម្ងាត់ ឬលួចស្ដាប់កិច្ចសន្ទនាជាដើម៕

ប្រភព៖ BBC