កសិដ្ឋានចំការចេកដែលបណ្ដាក់ទុនដោយអ្នកវិនិយោគក្នុង និងក្រៅស្រុក ស្ថិតនៅក្នុងខេត្តកំពត បានត្រៀមស្រូបយកកំលាំងពលកម្មសរុប១៥០០នាក់នាដំណាច់ឆ្នាំ២០១៨នេះ ដើម្បីប្រមូលផល និងកែច្នៃវេចខ្ចប់ផលចេកជាង៣ម៉ឺនតោន។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។

គម្រោងវិនិយោគដែលលោករដ្ឋមន្រ្តីបានចុះទៅដល់នោះ មានទំហំទឹកប្រាក់ប្រមាណជា ៣២លានដុល្លារសហរដ្ឋអាមេរិក ដោយផ្តោតលើការដាំដុះដំណាំចេកអំបូងលឿងលើផ្ទៃដីជាង ១ ០០០ហិកតា ហើយវាត្រឹមតែជាដំណាក់កាលទី១នៃ ផែនការវិនិយោគតែប៉ុណ្ណោះ។

­

បើតាមហ្វេសប៊ុកលោករដ្ឋមន្រ្តី មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានដាំកូនចេកបានជាង ៣០០ហត ដោយកូនចេកនីមួយៗត្រូវបានឆ្លងកាត់ការបង្កាត់ពូជចេញពីជាលិកា ការដាំដុះ និងថែទាំប្រកបដោយបច្ចេកទេសនិងស្តង់ដារ ដើម្បីតម្រូវចិត្ត ក៏ដូចជាស្របតាមតម្រូវការនៃទីផ្សារនាំចេញ។

លោករដ្ឋមន្ត្រីបានសាទរចំពោះភាពឆ្លាតវៃរបស់ក្រុមហ៊ុនដែលវិនិយោគចំពេលទីផ្សារចេកនៃប្រទេសចិន ត្រូវបានបើកជូនកម្ពុជាតាមរយៈការចុះពិធីសារស្តីពីលក្ខខ័ណភូតគាមអនាម័យសំរាប់ការនាំចេកកម្ពុជាទៅកាន់ប្រទេសចិនរវាងក្រសួងកសិកម្ម និងអគ្គរដ្ឋបាលគយចិន កា​ល​ពី​ខែសីហា ឆ្នាំ២០១៨កន្លងមក៕