រដ្ឋមន្រ្តីក្រសួងកសិកម្មនៅខាងស្តាំ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា ក្រុមហ៊ុនចិនឈ្មោះ ជីនយូតាំង អេខ្វលខាល់ឈ័រ ខេមបូឌា (JinYuTang Aquaculture (Cambodia) Co., Ltd) គ្រោងវិនិយោគវារីវប្បកម្មលើផ្ទៃដី ២៤០ហិកតា នៅស្រុកស្រែអំបិល ខេត្ដកោះកុង និងគម្រោងចិញ្ចឹម ឬភ្ញាស់ក្នុងសមុទ្រទឹកជ្រៅ ទំហំ២០០០ហិកតា នៅតំបន់កោះរុងសន្លឹម ខេត្តព្រះសីហនុ។

ការប្រកាស់របស់ក្រសួងបែបនេះ ក្រោយពីជំនួបពិភាក្សាការងាររវាងរដ្ឋមន្ដ្រីក្រសួងកសិកម្មលោក វេង សាខុន ជាមួយតំណាងក្រុមហ៊ុនជីនយូតាំង អេខ្វលខាល់ឈ័រ ខេមបូឌា កាលពីពេលថ្មីៗនេះ។ ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងកសិកម្ម បញ្ជាក់ថា គម្រោងនេះ ផ្ដោតសំខាន់លើការផ្គត់ផ្គង់ ចែកចាយ ស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យវារីវប្បកម្មនៅកម្ពុជា តាមស្តង់ដារអន្តរជាតិ។

ក្រុមហ៊ុន គ្រោងបោះទុនវិនិយោគប្រមាណ ១០០ លានដុល្លារអាមេរិក និងផ្តល់ឱកាសការងារបាន ៤៣០ នាក់។ បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំឯកសារចុះបញ្ជី មុននឹងរៀបចំផែនការមេដើម្បីអនុវត្ដ៕