ក្រុមហ៊ុនចិនមួយឈ្មោះ ហ្គ្រីនលីឌើ (Green Leader)  បានបោះទុនចំនួន ២ លានដុល្លារអាមេរិកបន្ថែម ដើម្បីសាងសង់រោងចក្រវិចខ្ចប់និងកែច្នៃតំណាប់ស្វាយនៅខេត្តកំពង់ស្ពឺ។ ព័ត៌មាននេះ បានផ្សព្វផ្សាយក្រោយពីលោក Gao Hua ប្រធានប្រតិបត្តិក្រុមហ៊ុន ហ្គ្រីនលីឌើរ កម្ពុជា បានជួបពិភាក្សាជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ៩ ខែវិច្ឆិកា។ 

បើតាមលោកប្រធានក្រុមហ៊ុនជម្រាបជូនលោករដ្ឋមន្រ្តី រោងចក្រវិចខ្ចប់និងកែច្នៃតំណាប់ស្វាយនេះ អាចផលិតបាន ២០០ តោនក្នុងមួយខែ ដើម្បីនាំទៅកាន់ប្រទេសចិន ។ ជាមួយគ្នានេះ អ្នកវិនិយោគចិនរូបនេះ ក៏សំឡឹងឃើញសេចក្តីត្រូវការទីផ្សារមានការកើនឡើងខ្ពស់ ហើយក្រុមហ៊ុន គ្រោងនឹងពង្រីករោងចក្រនៅតាមបណ្តខេត្តដ៏ទៃទៀតនាពេលខាងមុខ ។

សូមបញ្ជាក់ថាក្រុមហ៊ុន ហ្គ្រីនលីឌើរ កម្ពុជា ក៏កំពុងកសាងរោងចក្រកែច្នៃដំឡូងមីដ៏ធំ ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្រុកស្នួល ខេត្តក្រចេះ ដែលមកទល់ពេលនេះ រោងចក្រនេះ សម្រេចបាន៧០% ហើយ ហើយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំនេះ និងដែលឈានទៅដល់ការដាក់ឲ្យដំណើរធ្វើការកែច្នៃដំឡូងមីនៅដើមឆ្នាំក្រោយ។ លោក Gao Hua បានប្រាប់រដ្ឋមន្រ្តីកសិកម្មទៀតថា  ក្រុមហ៊ុននឹង បន្តសាងសង់រោងចក្របីកន្លែងទៀត នៅខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តស្ទឹងត្រែង។