ភ្នំពេញ៖ ក្រុមយុវជនស្រឡាញ់បរិស្ថាន បានផ្ញើសារអោយពលរដ្ឋចូល​រួមរក្សា​បរិ​​ស្ថាន ក្នុងពិធីអបអទិវាបរិស្ថានពិភពលោកឆ្នាំ ២០១៩ នៅថ្ងៃទី ០២ មិថុនា ឆ្នាំ ២០១៩។

យុវជន សាន ដារ៉ាវីត ដែលសកម្មប្រមូលសំរាមនៅលូទឹកស្អុយបឹងត្របែក បានលើក​ឡើងថា បច្ចុប្បន្នពលរដ្ឋខ្វះការយល់ដឹងច្រើនអំពីបរិស្ថាន ពោលគឺតែងតែ​បោះចោល​សំរាមពាសវាលពាសកាល ដែលបង្កអោយប៉ះពាល់ដល់បរិស្ថាន។ ប៉ុន្តែ ដារ៉ាវីត មើល​ឃើញថា យុវជនបានចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាបរិស្ថាន។ យុវជនរូបនេះ ជំរុញ​អោយពលរដ្ឋ ចូលរួមសំអាតបរិស្ថានទាំងអស់គ្នា ដើម្បីសោភណ្ឌភាព និងសង្គម​​ស្អាត​​។

នៅក្នុងទិវាបរិស្ថានពិភពលោកនេះ ក៏ឃើញមានអ្នកសិល្បៈចូលរួមផងដែរ។ សាឡាត់ ស្រីឡាង គឺជាតារាសម្តែងមួយរូប ដែលស្រឡាញ់បរិស្ថាន និងតែង​តែចូលរួម​ប្រមូល​សំរាម​ជាមួយយុវជន នៅតាមតំបន់គោលដៅមួយចំនួន ក្នុងរាជធានីភ្នំពេញ។ ស្រីឡាង បានបញ្ចេញជាទស្សនៈដូច្នេះថា៖

«ខ្ញុំសង្ឃឹមថា មនុស្សគ្រប់គ្នានឹងស្វែងយល់អំពីបរិស្ថាន ថាផលប៉ះពាល់អ្វីខ្លះ ហើយ​ជា​ពិសេសគឺ មុខមាត់ប្រទេសជាតិ ដែលបរទេសមកប្រទេសយើង តើគេគិត​បែប​ណា? ឥឡូវនេះ យើងមានជាការរៀប​ចំទុកដាក់អោយបាន​ត្រឹមត្រូវជា​បន្តបន្ទាប់​ហើយ អ្នកខ្លះក៏បានយល់ដឹងមិនបោះចោលសំរាមពាសវាលពាសកាលដូចមុន យើង​អាចផ្លាស់ប្តូរផ្នត់គំនិតរបស់គាត់បានបន្តិចបន្តួចហើយ»។

លោក លាង សុផល ប្រធានការិយាល័យ សារពើភ័ណ្ឌកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ នាយក​​​​​​ដ្ឋានបម្រែបម្រួលអាកាសធាតុ នៃក្រសួងបរិស្ថាន មើលឃើញថា យុវជន​បច្ចុប្បន្នចូលរួមយ៉ាងសកម្មក្នុងសង្គមពាក់ព័ន្ធនឹងការថែរក្សាបរិស្ថាន។ លោក ជំរុញ​អោយពលរដ្ឋចូលរួមបន្ថែមទៀត ដើម្បីបរិស្ថានស្អាត សុខភាពល្អ។

ទិវាបរិស្ថានពិភពលោកត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ០៥ ខែមិថុនា។ ទិវានេះ គឺជាយន្តការមួយរបស់អង្គការសហប្រជាជាតិ ដែលជំរុញ​អោយពិភព​លោក​ចូល​រួមលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជំរុញការយកចិត្តទុក​ដាក់ផ្នែកគោល​នយោបាយ និងសកម្មភាពចំពោះបរិស្ថាន។ ចំណែកនៅកម្ពុជា ក្រុមយុវជន បានអបអរ​ទិវាបរិស្ថានពិភពលោកឆ្នាំ ២០១៩នេះ ក្រោមប្រធានបទ«ការពារភពផែនដី ដើម្បី​ទាំង​​គ្នា» ដែលមានយុវជនចូលរួមប្រមាណជាង ៣០០នាក់៕