ក្រុមគ្រូពេទ្យអ៊ិស្លាមកម្ពុជា បានចុះផ្ដល់​សេវាធ្វើអនាម័យ ប្រដាប់ភេទ ឬការធ្វើ«ខតាន់»កុមារាខ្មែរអ៊ិស្លាមជាង១០០នាក់ នៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល កាលពីប៉ុន្មានថ្ងៃមុននេះ។

យោងតាមទីភ្នាក់ការងារសារព័ត៌មានកម្ពុជាAKP កម្មវិធីផ្ដល់សេវាអនាម័យជូនកុមារា ឬហៅថាខតាន់នេះ ត្រូវបានសហការចូលរួមជួយ​គាំទ្រពីសមាគមសប្បុរសធម៌ ឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត់ និងក្រុមវេជ្ជបានណ្ឌិតខ្មែរអ៊ិស្លាមដែលមានតួនាទីក្នុងជួររាជរដ្ឋាភិបាល។

នាឱកាសនោះ លោកវេជ្ជបណ្ឌិតសុះ មុះ សិន មានប្រសាសន៍ថា សាសនិកខ្មែរអ៊ិស្លាមជាបុរស​ទាំង​អស់ គឺត្រូវតែធ្វើអនាម័យ ឬ ហៅថាខតាន់។ នៅពេលមានអាយុចាប់ពី៧​ឆ្នាំឡើង​ទៅទើបអាចចូលថ្វាយបង្គំក្នុងវិហារបាន ហើយនេះក៏ជាការធ្វើអនាម័យក្នុងការបង្ការ​ជំងឺឆ្លងកាមរោគផងដែរ ។

លោកបានរំលឹកថា កាលពីជំនាន់មុនៗ ការធ្វើអនាម័យនេះ គឺតាមតែការយល់ដឹងពីមនុស្សចាស់ៗក្នុងភូមិតៗគ្នាប៉ុណ្ណោះ ​ហើយថាការធ្វើនោះ ក៏មិនប្រើប្រាស់ថ្នាំស្ពឹក និងដេរដោយ​ចេសរលាយនោះដែរ។ តែនៅបច្ចុប្បន្ន ការធ្វើអនាម័យនេះមានភាពទំនើបណាស់។

ក្រៅពីចុះជួយធ្វើអនាម័យប្រដាប់ភេទកុមារ៉ាដោយឥតគិតថ្លៃហើយនោះ លោកវេជ្ជបណ្ឌិត សុះ មុះសិន ក៏បានណែនាំមាតាបិតា និង អាណាព្យាបាល ត្រូវ​យកកូនចៅទៅធ្វើអនាម័យនានិងមើលថែទាំពួកគេឱ្យបានល្អ ពិសេសទទួលទានថ្នាំតាមការណែនាំពីគ្រូពេទ្យក្រោយធ្វើអនាម័យ៕