ការយក​ឃ្មុំ​នៅ​តំបន់​ព្រៃភ្នំ​ដែល​ប្រើ​ភ្លើ​ជា​មធ្យោបាយ ត្រូវបាន​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ស្នើ​អាជ្ញាធរ​ទប់ស្កាត់​កុំ​ឲ្យ​កើតមាន ដើម្បី​បញ្ចៀស​ករណី​ភ្លើង​ឆេះ​ព្រៃ ដែល​ក្រសួង​កំពុង​ព្រួយបារម្ភ​ក្នុង​ខែ​រំហើយ នា​រដូវប្រាំង​នេះ​។ នេះ​បើតាម​សេចក្ដីណែនាំ​ចេញផ្សាយ​ដោយ​ក្រសួងកសិកម្ម​នៅ​ថ្ងៃទី​២​មករា​។​

« ទប់ស្កាត់​ការប្រើប្រាស់​ភ្លើង​ជា​មធ្យោបាយ​ដើម្បី​រក​ឃ្មុំ ការដុត​ស្ទាក់ចាប់​សត្វ និង​ការដុត​វាលស្មៅ​ដើម្បី​យក​ល្បាស់​ធ្វើ​ចំណី​សត្វពាហនៈ » ទាំងនេះ​ជា​វិធានការណ៍​មួយ​ក្នុងចំណោម​វិធានការ​ជាច្រើន ដែល​ក្រសួង​ណែនាំ​ដើម្បី​បញ្ចៀស​ករណី​ភ្លើង​ឆេះ​ព្រៃ​នៅតាម​តំបន់​ព្រៃភ្នំ​។

​វិធានការ​នេះ ត្រូវបាន​ដាក់ចេញ បន្ទាប់ពី​ក្រសួង​សង្កេតឃើញថា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ភ្លើង​ឆេះ​ព្រៃ​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ការបាត់បង់​ព្រៃឈើ ព្រៃ​លិច​ទឹក និង​រាលដាល​រហូត​ឆាប់ឆេះ​ស្រូវ ភូមិករ​របស់​ប្រជាពលរដ្ឋ និង​វិនាសកម្ម​ជាច្រើន​ទៀត​។​
​បើតាម​ក្រសួង មូលហេតុ​នៃ​ការឆេះ​ព្រៃ​នេះ ភាគច្រើន​បង្កឡើង​ដោយ​កត្តា​មនុស្ស ដែលជា​ញឹកញាប់​វា​កើតឡើង​ដោយសារ​ការ​ការ​ប់​ឆ្កា​រាន​ព្រៃ​ធ្វើ​ដំណាំ​កសិកម្ម ការតាំង​លំនៅ​ថ្មី​នៅតាម​ព្រៃភ្នំ ការដុត​ព្រៃ​ចាប់​សត្វ ការដុត​ព្រៃ​យក​ជ័រ និង​ការដុត​ឃ្មុំ​ជាដើម​។​

​កាលពី​ខែធ្នូ​កន្លងទៅ ក្នុងជំនួប​ជាមួយ​មន្ត្រី​យោធា​វៀតណាម នៅពេល​មានប្រសាសន៍​អំពី​កិច្ចសហប្រតិបត្តិការ​តាម​បណ្ដោយ​ព្រុំដែន សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់មាន​ប្រសាសន៍​ដល់​ភ្លើង​ឆេះ​ព្រៃ​ដែរ ដោយបាន​ស្នើសុំ​កិច្ចសហការ​ជួយ​គ្នា​ទៅវិញទៅមក នៅពេល​មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​តាម​តំបន់​ក្បែរ​ព្រំដែន​៕