កាលពីថ្ងៃទី២២ ខែកញ្ញា សម្ដេច ហ៊ុន សែន បានអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេច ហ៊ុន សែន និង ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឡើងវិញ ក្រោយខកខានជិត​៣ខែ។

តាមគោលការណ៍របស់ក្រសួងសុខាភិបាល អនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាត្រឹមតែ ១០ ភាគរយប៉ុណ្ណោះនៃចំនួនកៅអីកីឡដ្ឋានសរុប ព្រមទាំងបន្តធ្វើការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ ឬហ្វេសបុក។ បង្កើតឲ្យគណៈកម្មធិការត្រួតពិនិត្យតាមក្លឹប និងអ្នកចូលទស្សនាត្រូវចុះឈ្មោះតាមប្រព័ន្ធអនឡាញ។

ចំពោះក្លឹបនីមួយៗត្រូវប្រកាន់ខ្ជាប់នូវវិធានការមួយចំនួនដូចជា ត្រូវមានម៉ាស៊ីនវាស់កំដៅដែលមានបំពាក់កាមេរ៉ា និងបាញ់អាលកុលសម្លាប់មេរោគនៅច្រកចូលកីឡាដ្ឋាន ហើយអ្នកគាំទ្រត្រូវពាក់ម៉ាសជាប់រហូតអំឡុងពេលប្រគួត។ ​កីឡាដ្ឋានមួយត្រូវមានបង្គន់គ្រប់គ្រាន់ ក្នុងនោះបង្គន់មួយសម្រាប់មនុស្សពី២៥ នាក់ ទៅ៥០ នាក់ប៉ុណ្ណោះ។



ក្រសួង បានព្រមានដូច្នេះថា ក្លឹបណាមិនអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល គឺមិនត្រូវបានអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាឡើយ។ ប្រសិនរកឃើញទស្សនិកជនណាដែលមានជំងឺកូវីដ១៩ នឹងត្រូវផ្អាកមិនឲ្យចូលទស្សនាបណ្ដោះអាសន្នរហូតដល់មានការសម្រេចពីនាយករដ្ឋមន្រ្តីឡើងវិញ។

គួររំលឹកថា ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ត្រូវបានផ្អាកសកម្មភាពប្រកួតចាប់តាំងពីខែមីនា ហើយបានបើកដំណើរការប្រគួតឡើងវិញនាដើមខែកក្កដាដោយគ្មានអ្នកគាំទ្រ៕