មន្ដ្រីជំនាញ​ នៃ​អគ្គនាយកដ្ឋាន​កសិម្ម​ និង​មន្ដ្រី​របស់​មន្ទីរ​កសិកម្ម​​ក្នុង​ខេត្ដចំនួន​​១៨ សម្រុក​ចុះ​ប្រមូល​តួលេខ​ស្ទូង​ ឬ​ដំណាំ​រួមផ្សំ​ និង​ចំនួន​គ្រួសារ​កសិករ​ដែល​ប៉ះពាល់​​ពី​គ្រោះ​ទឹក​ជំនន់​ពិត​ប្រាកដ ​ឲ្យ​បា​ន​ចប់​នៅ​ត្រឹម​ចុង​សប្ដាហ៍ ៤​ នៃ​ខែ​សីហានេះ​ មុន​នឹង​ទម្លាក់​គ្រាប់​ពូជ​ដល់​កសិក។

លោក ស្រី​ វុឌ្ឍី​​ អគ្គលេខាធិការ​ និង​ជាអ្នកនាំពាក្យ​ក្រសួង​កសិកម្ម មានប្រសាសន៍ថា ​ ស្រូវ​ពូជ​ជិត​ពីរ​ពាន់​តោន​ និង​គ្រាប់​ពូជដំណាំ​រួមផ្សំ​ជា​ច្រើន​ទៀត​ បាន​ត្រៀម​ផ្ដល់​ជូន​​កសិករ​រួចហើយ​ គឺ​នៅ​រង់ចាំ​របាយការណ៍​វាយតម្លៃ​ផលប៉ះពាល់​ពិតប្រាកដ​មក​ដល់​ដៃ​ក្រសួង​កសិកម្ម​តែ​ប៉ុណ្ណោះ។

ខេត្ដ​​ចំនួន​៨​ រួមមាន៖​ បន្ទាយមានជ័យ​​ បាត់ដំបង​ កំពង់ស្ពឺ​ កណ្ដាល​ ពោធិ៍សាត់​ ព្រែវែង​ ត្បូងឃ្មុំ​ និង​ខេត្ដ​ឧត្ដមានជ័យ​ បាន​ជួប​គ្រោះ​រាំង​ស្ងួត​បណ្ដាល​ឲ្យ​ខូច​សំណាប​ និង​សន្ទូង​ជាង​៤​ពាន់​ហិក​តារ។​ ចំណែក​គ្រោះ​ទឹកជំនន់​វិញ​ ​បង្ករ​ឲ្យ​ខូច​សន្ទូង​ជិត​បី​ម៉ឺន​ហិកតារ​ ​នៅក្នុង​ខេត្ដ​ចំនួន​១២។ នេះបើយោង​តាម​របាយការណ៍​ចុងក្រោយ​ក្នុង​ខែ​សីហា​ របស់​ក្រសួង​កសិកម្ម​​​។