ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រធម្យមសិក្សា​ទុតិយ​ភូមិ ឬបាក់ឌុប ក្នុងឆ្នាំនេះ គឺមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩​ ខាងមុខ​នេះ ក្នុងនោះ ចំនួនបេក្ខជនមានចំនួនកើនឡើងជិត ៦.០០០នាក់ បើធៀបនឹង​ឆ្នាំ២០១៨កន្លងមក។

លោកមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា បើតាមរបាយការណ៍វឌ្ឍនភាព គិតត្រឹមសប្តាហ៍នេះ ក្នុងខែកក្កដា ឆ្នាំ២០១៩​បេក្ខជន​​ដែល​ចូលរួមប្រឡងមានចំនួនសរុប១១៩.២១៧នាក់ (កើន៥.៨៥២នាក់ បើធៀបនឹងវត្ត​មាន​ឆ្នាំ២០១៨) ក្នុងនោះ បេក្ខនារី ៦១.០៣១នាក់។ ឯកឧត្ដមបានបន្ដថា សម្រាប់ ថ្នាក់​​វិទ្យាសាស្ត្រ​មានបេក្ខជនចំនួន៤៥.៤១៤(៣៨ភាគរយ)  ស្រី ២៥.៥២៦ នាក់ និង ថ្នាក់វិទ្យាសាស្ត្រសង្គម​មាន​ចំនួន៧៣.៨០៣នាក់(៦២ភាគរយ)ស្រី ៣៥.៥៣៨នាក់។ ឯកឧត្ដមបានលើកឡើងថា ចំពោះមណ្ឌលប្រឡងនៅទូទាំងប្រទេស មានចំនួន​២០២មណ្ឌល (កើន៦មណ្ឌល ធៀបនឹង​ជាក់ស្តែងឆ្នាំ២០១៨) ក្នុងនោះនៅថ្នាក់វិទ្យា​​សាស្ត្រ​៧៥មណ្ឌល (ថយ២៤មណ្ឌលធៀប នឹង​ជាក់​ស្តែងឆ្នាំ២០១៨) និងថ្នាក់វិទ្យា​​សាស្ត្រសង្គម១២៧(កើន៣០មណ្ឌល ធៀបនឹងជាក់​ស្តែង​ឆ្នាំ២០១៩)។ ដោយឡែក បន្ទប់ប្រឡងមានចំនួន៤.៨០៩បន្ទប់ (កើន១៥៤ បន្ទប់ បើធៀប​នឹងឆ្នាំ២០១៨)។

 សូមបញ្ជាក់ថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ  នឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី១៩-២០ សីហា ឆ្នាំ២០១៩ខាងមុខនេះ ហើយត្រូវបានបែងចែកមុខ​វិជ្ជា​ប្រឡង​ជា​ពីរផ្នែក គឺផ្នែកវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម៕