ក្រសួងអប់រំ ហាមសិស្ស-និស្សិតឲ្យឈប់ទទួលទានអាហារ និងប្រាស្រ័យ​ទាក់ទង​ជិតស្និទ្ធអ្នករស់នៅម្តុំសង្កាត់បឹងកេងកង១ បណ្ដោះអាសន្ន ក្រោយបានរកឃើញថា មានករណីវិជ្ជមានកូវីដ-១៩ថ្មី២នាក់ ស្នាក់នៅបន្ទប់មួយ Apartmentមួយ នៅផ្លូវលេខ ៣០២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ ។ នេះបើតាមការជូនដំណឹងរបស់ក្រសួង អប់រំ កាលពីថ្ងៃទី ១៣ ខែ មេសា។

ក្រសួងប្រកាសថា សូមជូនដំណឹងដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងសិស្សានុ​សិស្សគ្រប់កម្រិតសិក្សា បង្កើនការប្រុងប្រយ័ត្ន ពីការីករាលដាលនៃជំងឺកូវីដ-១៩ ដោយចៀសវាងការទទួលទានអាហារក្រៅផ្ទះបើមិនចាំបាច់ ជាពិសេស​ចៀសវាងការ​ទទួលទានអាហារ និងប្រាស្រ័យទាក់ទង​ជិតស្និទ្ធម្តុំសង្កាត់បឹងកេងកង១សិន។



ក្រសួងបញ្ជាក់ថា ក្នុងកំឡុងពេលនេះក្រុមការងារក្រសួងសុខាភិ​បាលកំពុងបំពេញការ​ងារយ៉ាងយកចិត្តទុកដាក់តាមរកអ្នកទាក់ទងផ្ទាល់ និងប្រយោលជាមួយ​ករណីវិជ្ជមាន​កូវីដ-១៩ ថ្មី ២នាក់ខាងលើ។

បច្ចុប្បន្ន អ្នកវិជ្ជមានកូវីដ-១៩ ថ្មី ២នាក់ ខាងលើកំពុងសម្រាកព្យាបាលនៅមណ្ឌល​សុខភាព​ចាក់អង្រែក្រោម។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ប្រកាសថា នៅរាជធានីភ្នំពេញ នឹងអាចចូលទៅក្នុងការឆ្លងក្នុងសហគមន៍ទ្រុងទ្រាយតូច ប្រសិន​បើក្រសួងនិងដៃគូពាក់ព័ន្ធ មិនអាចរកឃើញប្រភព​ច្បាស់លាស់នៃករ​ណីឆ្លង​ចុងក្រោយនេះ៕