ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោកWHO បានរៀបចំកិច្ចប្រជុំអន្ដរក្រសួង​ ស្ដីពីបទពិសោធន៍ និងចំណាត់ការជាក់ស្ដែង ដើម្បីទប់ស្កាត់ការពុលម៉េតាណុលក្នុងស្រាស។


កិច្ចប្រជុំដែលធ្វើឡើងនៅខេត្តក្រចេះ ជាទីដែលឧស្សាហ៍ផ្ទុះករណីពុលស្រាសនោះ ក៏ដើម្បីកំណត់ដាក់ចេញសកម្មភាពការងារឆ្លើយតប និងទប់ស្កាត់នូវការផ្ទុះឡើងការពុលស្រា ដែលផលិតមិនមានបច្ចេកទេសត្រឹមត្រូវ។​

កិច្ចប្រជុំនេះមានការចូលរួមពីលោកស្រី ឱ វណ្ណឌីន ​អគ្គនាយកបច្ចេកទេសសុខាភិបាល តំណាងអង្គការសុខភាពពិភពលោក និងមកពីភាគីពាក់ព័ន្ធផ្សេងទៀតរួមមាន មន្រ្តីមន្ទីរ មន្ត្រីសាលាខេត្ត មេឃុំស្នួល និងមេឃុំកន្ទួត ស្រុកស្នួល ខេត្តក្រចេះ។

កិច្ចប្រជុំបានរកឃើញផែនការដាក់ទិសដៅសម្រាប់អនុវត្តការងារទប់ស្កាត់ ការពុលចំណីអាហារ​ ជាពិសេសការពុលម៉េតាណុលនេះ ដូចខាងក្រោម។

១ ត្រូវមានការចេះដឹង យល់ដឹង និងមានការចូលរួមពីប្រជាជនក្នុងការទប់ស្កាត់បញ្ហា​

២ កាត់បន្ថយការបរិភោគគ្រឿងស្រវឹង​​

៣ តម្រង់ទិសទៅរកការកាត់បន្ថយនូវហានិភ័យ គឺត្រូវឲ្យអ្នកប្រើប្រាស់យល់ដឹងពីគ្រោះថ្នាក់ និងផលវិបាក ដែលបណ្តាលពីគ្រឿងស្រវឹង​

៤ ផលិតកម្ម ខ្សែសង្វាក់ផលិតកម្ម គឺត្រឹមត្រូវតាមបច្ចេកទេស​ គោរពក្បួនច្បាប់អនាម័យ និងសុវត្ថិភាពចំណីអាហារ​

៥ បង្កើតចេញនូវយន្តការឆ្លើយតប និងត្រួតពិនិត្យប្រកបដោយប្រសិទ្ធិភាព​

៦ ត្រូវមានការចូលរួមសហការ និងទំនាក់ទំនងល្អរវាងផ្នែកពាក់ព័ន្ធទាំងអស់ និងការអនុវត្ត​សកម្មភាពបែបអន្តរវិស័យ។​

ផែនការសកម្មភាពការងារនេះ នឹងត្រូវដាក់ឲ្យអនុវត្តសាកល្បងក្នុងខេត្តក្រចេះ ចាប់ពីពេលនេះរហូដល់ខែតុលាឆ្នាំ២០១៩៕